អគ្គស្នងការរងនគរបាលទាំងអស់មិនត្រូវប្រើអំណាច រំលោភបំពានលើពលរដ្ឋស្លូតត្រង់ជាដាច់ខាត
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោកនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីពេលថ្មីៗ នេះអគ្គស្នងការរងនគរបាលជាតិលោក ឆៃ ស៊ីណារិទ្ធ បានក្រើនរំឭកដល់នគរបាលទាំងអស់ត្រូវអនុវត្ដប្រតិបត្តិទៅតាមច្បាប់ ហើយមិនត្រូវប្រើប្រាស់សិទ្ធិអំណាច រំលោភបំពានលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់ដាច់ខាត។
លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា៖ «មន្ដ្រីនគរបាលមិនត្រូវរំលោភបំពានលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់ជាដាច់ខាត។ កងកម្លាំងនគរបាលជាមន្ដ្រីអនុវត្តច្បាប់ ត្រូវតែយល់ដឹងច្បាស់អំពីច្បាប់គោរពអនុវត្តប្រតិបត្តិច្បាប់ និងធ្វើជាគំរូលើការអនុវត្តច្បាប់»។ «យើងមិនត្រូវអាងលើសិទ្ធិអំណាចណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬអ្នកស្លូតត្រង់ អ្នកដែលមិនមានកំហុស អ្នកដែលមិនបានប្រព្រឹត្តអំពើណាដែលរំលោភបំពានច្បាប់»។
អគ្គស្នងការរងរូបនេះបន្ថែមថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុសហើយមិនបានទទួលស្គាល់កំហុសនោះទេ ពោលគាត់តែងតែដោះបន្ទុកនូវអ្វីដែលគាត់បានប្រព្រឹត្ត ដូច្នេះមន្ដ្រីនគរបាលត្រូវតែយល់ច្បាស់អំពីច្បាប់ ពិសេសអ្វីដែលជាធាតុផ្សំនៃបទល្មើស ភ័ស្ដុតាង ដើម្បីកុំឱ្យមនុស្សខិលខូចមួយចំនួនរួចផុតពីច្បាប់ ក្រោយពីបានប្រព្រឹត្តខុសច្បាប់។
«យើងធ្វើកិច្ចការងារជំនាញ យើងត្រូវសិក្សាឱ្យដល់ឫសគល់របស់វា សំដៅធ្វើយ៉ាងម៉េចឱ្យការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តនូវបទល្មើស ជាជនទុច្ចរិតឱ្យត្រូវទៅនឹងទម្រង់ទាំងអស់នេះ»។ បន្ថែមពីនេះ លោក ឆៃ ស៊ីណារិទ្ធ ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ «ត្រូវចូលរួមថែរក្សាសន្ដិភាព ដែលស្វែងរកបានដោយលំបាក ព្រោះបើគ្មានសុខសន្ដិភាព គឺគ្មានការអភិវឌ្ឍនោះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆៃ ស៊ីណារិទ្ធ ។
លោកលើកឡើងទៀតថា ក្នុងនាមកងកម្លាំងនគរបាលជាតិមិនត្រូវក្បត់មនសិកា មិនត្រូវក្បត់ឧត្តមគតិប្រទេសជាតិ មិនត្រូវក្បត់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋនោះទេ ហើយអ្វីដែលមានសព្វថ្ងៃនេះ គឺត្រូវខិតខំការពារទាំងអស់គ្នា។