ម្ចាស់ផ្ទះទម្លាយវីដេអូចោរគាស់ផ្ទះ ស្រាប់តែម្នាក់ៗនាំគ្នាសួររកលេខក្រុមហ៊ុនធ្វើទ្វាលាន់!
ករណីចោរគា-ស់ផ្ទះ តែងតែកើតមានជារឿយៗ មិនថាតាមផ្ទះល្វែងធម្មតា ឬ ក្នុងបុរីដែលមានសន្តិសុខយាមកាម២៤ម៉ោង លើ២៤ម៉ោង យ៉ាងណានោះទេ។
ជាក់ស្តែង កាលពីយប់មិញនេះវេលាម៉ោង ០០ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីចោរ៣នាក់ បានជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពគា-ស់ផ្ទះក្នុងបុរីមួយកន្លែង ប៉ុន្តែ ពុំបានសម្រេចនោះទេ ដោយសារតែទ្វារផ្ទះនោះរឹងមាំខ្លាំង ដែលធ្វើឲ្យពួកចោរពិបាកក្នុងការគាស់ និងប្រើពេលវេលាយូរ រហូតមានមនុស្សចូលមក ផ្អើលនាំគ្នាឡើងម៉ូតូចាកចេញតែម្តង។
នេះបើតាមផ្ទះរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dj Angelito ដែលជាជាងសាឡន និងអ្នកលក់គ្រឿងសម្អាងតាមអនឡាញផងដែរ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញសកម្មភាពចោរគាស់ទ្វាររបងផ្ទះរបស់ខ្លួន និងបញ្ជាក់ឲ្យដឹងថា៖ «ចោរគាស់ផ្ទះខ្ញុំយប់ថ្ងៃទី13 បងប្អូនត្រូវប្រយត្ន័អោយមែនទែន!»។
ក្រោយពីបានឃើញរបងទ្វាររឹងមាំបែបនេះ ក៏មានអ្នករស់នៅក្នុងបរីដែលផ្ទះខ្លួនទិញស្រាប់ តែទ្វារបងគុណភាពអន់ បានចាប់អារម្មណ៍សួរនាំរកជាង នៅពេលនោះ ម្ចាស់ផ្ទះខាងលើក៏បានតបថា៖ «ចាសុីស ពេលមានរឿងហេីយអរគុណមុនគេជាងទ្វារគាត់ធ្វេីមាំល្អ ចាំរកលេខគាត់សិនសុីស ហេីយឆាតប្រាប់»។
តែទោះយ៉ាងណា ជាមួយករណីនេះផងដែរ ក៏សូមប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងបុរី ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំអាងមានសន្តិសុខឲ្យសោះ ព្រោះថាសន្តិសុខនៅតែច្រកខ្លោងទ្វារចូលបុរីប៉ុណ្ណោះ។ ហើយបើអាច គួរធ្វើទ្វាររបងផ្ទះឲ្យរឹងមាំបែបនេះ ទើបចោរពិបាកក្នុងការគាស់៕