ក្ដីសង្ឃឹមថ្មី! គិតត្រឹមថ្ងៃនេះ មូលនិធិជួយលោកគ្រូ អាង ហួត និង គ្រូជួបការលំបាក ទទួលបាន ៤២០០ ដុល្លារហើយ
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជននៅក្នុងបណ្ដាញ បានផ្ទុះការចាប់អារម្មណ៍ទៅលើករណីអតីតគ្រូបង្រៀនភាសាបារាំងមួយរូប ក្រោយលោកគ្រូធ្លាក់ខ្លួនគេងតាមទីសាធារណៈ គួរឱ្យស្រណោះអាសូរបំផុត ខណៈកន្លងមកលោកគ្រូ អាង ហួត ធ្លាប់ជាគ្រូបង្រៀនភាសាបារាំង បង្រៀននៅវិទ្យាល័យទួលទំពូង ជាកំលោះចាស់ពុំមានគ្រួសារទីជម្រកកក់ក្ដៅនោះឡើយ ហើយតែងតែជិះកង់ទៅបង្រៀនតាំងពីដើមរៀងមក។
យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បើតាមគណនីមួយដែលមានឈ្មោះ ណន ម៉ារ៉ាឌី បានបញ្ជាក់ឱ្យបានដឹងថា ៖ «មូលនិធិសប្បុរសធម៌ជួយទ្រទ្រង់លោកគ្រូ អ្នកគ្រូជួបការលំបាក គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ទទួលបានប្រាក់ចំនួន ៤២០០ ដុល្លារហើយ»។
គួររំឭកផងដែរថា កាលពីថ្ងៃម្សិលមិញនេះ គណនីខាងលើបានបង្ហោះរូបភាព លោកគ្រូ អាង ហួត បានរៀបរាប់ថា ៖ «វាសនាគ្រូនៅចុងបញ្ជប់នៃជីវិត! លោកគ្រូអាង ហួត កំលោះចាស់ គាត់ជាគ្រូភាសាបារាំងបង្រៀននៅវិទ្យាល័យទួលទំពូងជាមួយខ្ញុំ មួយជីវិតគាត់ជិះតែកង់មកបង្រៀនប៉ុណ្ណោះ»។
តាមរយៈសកម្មភាពនេះ ធ្វើឱ្យមហាជននាំគ្នារំជួលចិត្ត និង អាណិតស្រណោះជាខ្លាំង ខណៈកូនសិស្សរបស់លោក ដែលបានស្គាល់លោកគ្រូ បានស្ម័គ្រចិត្តនាំគ្នាចង់រៃអង្គាសជាថវិកាជូនទៅដល់លោកគ្រូវ័យចំណាស់រូបនេះ គ្រាន់បានផ្គត់ផ្គង់ក្រពះ បន្តដំណើរជីវិតទៅមុខទៀត ខណៈពេលនេះ លោកគ្រូមានវ័យកាន់តែចាស់ និង ស្នាក់នៅម្ដុំផ្សារឌុយម៉ិច៕