មិនធម្មតាមែន! ហ៊ានជួលជាងឱ្យឆ្លាក់ត្រាមូល និងត្រាឈ្មោះមិនពិតបន្លំធ្វើឯកសារក្លែងក្លាយដើម្បីដាក់បញ្ចាំដី ចុងក្រោយត្រូវបែកធ្លាយដោយសារតែ…

បាត់ដំបង៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ សមត្ថកិច្ចនគរបាលស្រុកកំរៀងបានធ្វើការកោះហៅស្រី្តម្នាក់ឈ្មោះ ភួន ស្រីល័ក្ខ អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យចូលមកកាន់អធិការដ្ឋាននគរបាលស្រុកដោយសារមានពាក្យបណ្តឹងទាក់ទងនឹងករណីក្លែងបន្លំត្រា និងក្លែងឯកសារសាធារណៈ។ តាមការសាកសួរបានឱ្យដឹងថា នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស្រី្តដែលជាជនសង្ស័យបានជួលជាង ឱ្យឆ្លាក់ត្រាមូល និងត្រាឈ្មោះ របស់អាជ្ញាធរមូលដ្ឋានភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

ត្រាដែលបានលួចឆ្លាក់ទាំងអស់នោះមានត្រាឈ្មោះ មេភូមិ ត្រាឈ្មោះស្មៀនឃុំ និងត្រាឈ្មោះមេឃុំ រួមទាំងត្រាមូលរបស់ឃុំត្រាងផងដែរ ដើម្បីរៀបចំធ្វើឯកសារក្លែងក្លាយមួយក្នុងទម្រង់ ជាម្ចាស់កម្មសិទ្ធិលើការគ្រប់គ្រងដីមួយកន្លែងក្នុងមូលដ្ឋាននេះ ដោយបានយកគំរូតាមលិខិតកាន់កាប់ដីរបស់គាត់ដែលត្រឹមត្រូវ ទៅឱ្យគេវាយជាលិខិតថ្មីយកគំរូដូចសំណៅដើម (ព្រោះលិខិតដើមគាត់បានយកវាទៅបញ្ចាំគេបាត់ទៅហើយនោះ)។ ក្រោយចម្លងដូចច្បាប់ដើមរួច គាត់បន្លំចុះហត្ថលេខា មេភូមិ ស្មៀនឃុំ និងហត្ថលេខាមេឃុំ រួចវាយត្រាឈ្មោះ និងត្រាមូលរបស់អាជ្ញាធរ ស្នាមមេដៃសាក្សី និងអ្នកពាក់ព័ន្ធផង រួចបានយកលិខិតក្លែងក្លាយមួយនោះទៅដាក់បញ្ចាំនៅកន្លែងទទួលបញ្ចាំមួយផ្សេងទៀតក្នុងមូលដ្ឋាននេះ ដើម្បីយកប្រាក់មកប្រើប្រាស់ ផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២២។ អ្នកទទួលបញ្ចាំបានទទួលឯកសារក្លែងបន្លំមួយនោះ តែមិនទាន់បានប្រគល់ប្រាក់ឱ្យទៅឱ្យស្ដ្រីនោះនៅឡើយទេ ដោយហេតុថាខ្លួនបានពិនិត្យមើលលើឯកសារនោះហាក់មានការសង័្សយមួយចំនួន ក៏សម្រេចធ្វើការសាកសួរមកសមត្ថកិច្ចនគរបាល ទើបដឹងថា ទាំងអស់នេះសុទ្ធតែជាឯកសារគ្រប់គ្រងដីក្លែងក្លាយ ដូច្នេះគាត់ក៏បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកតែម្ដង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds