គ្រូពេទ្យឯកជនម្នាក់ ចាក់ថ្នាំបណ្ដាលឲ្យក្មេងប្រុសអាយុ៧ឆ្នាំ បែកពពុះមាត់ស្លាប់ភ្លាមៗត្រូវសមត្ថកិច្ចឃាត់ខ្លួន…..

ស្វាយរៀង៖បុរសម្នាក់ជាគ្រូពេទ្យឯកជន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីចាក់ថ្នាំបណ្តាលឲ្យក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ខាំអណ្តាតប្រកាច់បែកពពុះមាត់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មជាទីបំផុត។

សមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យឯកជនរូបនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

 

ទើបទទួលបាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានឲ្យដឹងថា គ្រូពេទ្យឯកជនរូបនេះមានឈ្មោះ វ៉ាត់ ចន្ថន អាយុ៣៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជៀក ណាដេត អាយុ៧ឆ្នាំ ជាសិស្សសាលា ។

បើតាមសមត្ថកិច្ច បន្តទៀតថា ក្មេងប្រុសរងគ្រោះមានអាការៈឈឺចុកពោះ ក៏ក្រុមគ្រួសារនាំទៅរកពេទ្យដើម្បីពិនិត្យនិងព្យាបាល ។ ក្រោយមកគ្រូពេទ្យឯកជនរូបនេះ បានចាក់ថ្នាំ ឲ្យក្មេងប្រុស តែបែរជាក្មេងប្រុសរូបនេះ មានអាការៈប្រកាច់ខាំអណ្តាតបែកពពុះមាត់បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យឯកជនរូបនេះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកសពក្មេងប្រុស ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

មជ្ឈដ្ឋានមួយចំនួន លើកឡើងថា គ្រូពេទ្យឯកជនតាមភូមិស្រុកដាច់ស្រយាលខ្លះ មិនមានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងសុខាភិបាល ដើម្បីបើកគ្លីនិកឯកជន អ្វីនោះទេ ចេះតែដើរព្យាបាល និង ចាក់ថ្នាំដល់ប្រជាពលរដ្ឋ រហូតឈានដល់ការស្លាប់ប្រជាពលរដ្ឋ ដូចករណីក្មេងប្រុសអាយុ៧ឆ្នាំ នេះ ជាដើម ។

ប្រជាពលរដ្ឋ សង្ឃឹមថា ក្រសួងសុខាភិបាល នឹងរឹតបន្តឹងបន្ថែមទៀត ជុំវិញគ្រូពេទ្យឯកជនខ្លះ មិនមានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងសុខាភិបាល ដើម្បីប្រកបអាជីវកម្ម ដែលជាកត្តាហានិភ័យមួយដល់ប្រជាពលរដ្ឋដែលទៅទទួលសេវាសុខាភិបាលពីគ្រូពេទ្យទាំងអស់នោះ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds