រដ្ឋមន្ត្រីបរិស្ថាន៖ អាជ្ញាធរពាក់ព័ន្ធបន្តរួមសហការគ្នាដើម្បីការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន

ឧត្តរមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវអោយ មន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា»

ថ្លែងក្នុងឱកាសចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិបានគង់វង្សត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗ។

នៅក្នុងឱកាសនោះ ទាំងរដ្ឋមន្ត្រី ទាំងអភិបាលខេត្ត និងគណៈប្រតិភូក៏បានចូលរួមដាំដើមឈើជាអនុស្សាវរីយ៍នៅសួនឈើប្រណីតក្នុង ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នផងដែរ។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានតំបន់ការពារធម្មជាតិចំនួ០៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរមានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds