តាមពិតចឹងសោះ! ទីបំផុត លោក ឌួង ងៀប ចេញលិខិតសុំទោស ប្រធានសាលាដំបូងរាជធានីភ្នំពេញហើយ ដោយលើកហេតុផលថា…(មានវីដេអូ)
គេនៅចាំបានថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ លោកឧកញ៉ា ឌួង ងៀប បានចេញវីដេអូមួយ ដោយលើកដៃសំពេះ អំពាវនាវស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ ទៅតុលាការកំពូល ដើម្បីអោយតុលាការកំពូលចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់លោកនៅសាលាដំបូងរាជធានីភ្នំពេញ។
ការលើកដៃសំពេះស្នើសុំអន្តរាគមន៍នេះ ដោយលោកឧកញ៉ាលើកហេតុផលថា លោក បានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់លោកថា បានឆបោកជនជាតិតៃវ៉ាន់។
ក្រោយមក នៅព្រឹកទី៨ ខែកុម្ភៈ លោក ឌួង ងៀប ក៏បានឈរនៅចំពីមុខខ្លោងទ្វារពន្ធនាគារព្រៃស រាជធានីភ្នំពេញ ហើយនិយាយថា «ខ្ញុំអស់លុយហើយ ឥឡូវតុលាការហៅខ្ញុំទៅសួរអី នាំខ្លួន ចាប់ខ្លួនអី ឥឡូវខ្ញុំចូលគុកខ្លួនឯងតែម្ដងទៀត ចេញដីកាឃុំខ្លួនខ្ញុំចុះ»។
លោក បានបញ្ជាក់ថា «ទៅដល់ ទាល់តែកាន់លុយទៅបានរួចខ្លួន បើមិនអញ្ចឹងទេរួចខ្លួនតែឥឡូវខែក្រោយទៀត។ ឥឡូវបើថាខ្ញុំខុសធ្វើទៅ យកខ្ញុំឃុំដាក់គុកម្ដងទៅ»។
ចំពោះការចោទប្រកាន់របស់តុលាការ ពាក់ព័ន្ធនឹងការឆបោកលុយជនជាតិតៃវ៉ាន់នោះ, លោកឌួង ងៀប ខ្លួនឯង បានបដិសេធចោទទាំងស្រុង ដោយលើកឡើងថា «លោកមិនដែលបានទៅរកស៊ីជាមួយចិនតៃវ៉ាន់ទាំងអស់នោះទេ»។
បន្ទាប់ពីមានការដង្ហោយទាមទាររកយុត្តិធម៌ ដោយថាខ្លួន បានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅនោះ, សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានជម្រាបជូនថា ៖
សំណុំរឿងព្រហ្មទណ្ឌលេខ: ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរលើឈ្មោះឌួង ងៀប តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរលេខ១៨៣៤ អ.យ.ជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលមានដើមបណ្តឹងឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀបរួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ខាងលើនេះ លោក ដួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក សរុបទឹកប្រាក់ជាង៧លានដុល្លារអាមេរិក ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ តុលាការថា មូលប្បទានប័ត្រដែលលោក ឌួង ងៀប ចេញឱ្យដើមបណ្តឹងរដ្ឋប្បវេណីនោះគឺគ្មានសាច់ប្រាក់នោះទេ នៅពេលដែលដើមបណ្តឹងរដ្ឋប្បវេណីយកទៅបើកនៅធនាគារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួនទឹកប្រាក់ជាង៥លានដុល្លារអាមេរិក មកតម្កល់នៅគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។
ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ”។
ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍បែបនេះ លោកឌួង ងៀប តាមរយៈលិខិតរបស់ខ្លួនចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការសុំអភ័យទោសជាសាធារណៈចំពោះប្រធានសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងលិខិតគោរពជូនឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ឌួង ងៀប បានរៀបរាប់ថា «ខ្ញុំបាទ សូមអភ័យទោស ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានធ្វើការបង្ហោះវីដេអូឃ្លីបរយៈពេល២៣នាទី បកស្រាយបញ្ហាពាក់ព័ន្ធនឹងចំណាត់ការរឿងក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញលើរូបខ្ញុំបាទ និងបានធ្វើទង្វើមិនសមរម្យ ដោយបានទៅបង្ហាញខ្លួន និងផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខមណ្ឌលអប់រំកែប្រែទី១ ព្រៃស»។
លោកឌួង ងៀប បានរៀបរាប់នៅក្នុងលិខិតដដែលនេះទៀតថា «សកម្មភាពទាំងនេះ ធ្វើឡើងដោយសារតែខ្ញុំបាទ មានការភាន់ច្រឡំ ភាំងស្មារតី ព្រោះរងសម្ភាធធ្ងន់ធ្ងរក្នុងគ្រួសារ និងមានការព្រួយបារម្ភខ្លាំងពីបញ្ហាប្រឈមផ្សេងៗក្នុងផ្លូវច្បាប់លើរឿងក្ដីពាក់ព័ន្ធរូបខ្ញុំបាទ»។
លោកបន្តថា «ទង្វើគួរឲ្យសោកស្ដាយនេះ បានធ្វើឲ្យប៉ះពាល់ដល់កិក្តិយសរបស់ស្ថាប័ន និងកិត្តិយសរបស់ឯកឧត្តមប្រធាន និងអស់លោកមន្ត្រី ជាចៅក្រមកាន់រឿងក្ដី និងធ្វើឲ្យប៉ះពាល់ដល់កិច្ចដំណើរការនីតិវិធីចាត់ការឿងក្ដី របស់សាលាដំបូងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក បានសន្យាថា «ខ្ញុំបាទ សូមសន្យាថា មិនឲ្យមានសកម្មភាពនេះកើតឡើងជាថ្មីទៀតទេ និងសូមសន្យាចូលរួមគ្រប់កិច្ចនីតិវិធីចាត់ការរឿងក្ដីរបស់សាលាដំបូងពាក់ព័ន្ធរូបខ្ញុំបាទ ដោយស្មារតីសុចរិត យុត្តិធម៌ និងគោរពច្បាប់ជាធរមាន»៕