អាមេរិក ស្នើឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ត្រូវចាកចេញជាបន្ទាន់

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក កំពុងស្នើឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ត្រូវចាកចេញជាបន្ទាន់ នឹង​ព្រមាន​ប្រជាជន​អាមេរិក ​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​អ៊ុយក្រែន ដោយសារ​តែ​ការ​គំរាម​កំហែង​នៃ​សកម្មភាព​យោធា​រុស្ស៊ី​កាន់តែ​ខ្លាំងឡើង។

សេចក្តីណែនាំរបស់ក្រសួងការបរទេសអាមេរិក បានអោយដឹងថា “មានរបាយការណ៍ជាបន្ត នៃការបង្កើនយោធារុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែន ដែលនេះបង្ហាញពីសក្តានុពលសម្រាប់សកម្មភាពយោធាដ៏សំខាន់ប្រឆាំងនឹងអ៊ុយក្រែន។

សន្តិសុខនៅតាមព្រំដែនអ៊ុយក្រែន នៅតំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី និងនៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី គឺមិនអាចទាយទុកជាមុនបានទេ និងអាចកើតឡើងដោយមានការជូនដំណឹងតិចតួចបំផុត”។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសអាមេរិកបានព្រមានថា រដ្ឋាភិបាលនឹងមិនអាចជម្លៀសប្រជាជនអាមេរិកបានទេ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយជំរុញឲ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ រៀបចំផែនការបន្ទាន់ ដែលមិនពឹងផ្អែកលើជំនួយពីរដ្ឋាភិបាលអាមេរិក។

លោកប្រធានាធិបតី ចូ បៃដិន ថា “ពលរដ្ឋអាមេរិកគួរតែចាកចេញឥឡូវនេះ។ វាមិនដូចជាយើងកំពុងដោះស្រាយជាមួយអង្គការភេរវករទេ។ យើងកំពុងដោះស្រាយជាមួយកងទ័ពដ៏ធំបំផុតមួយនៅលើពិភពលោក”។

គួររម្លឹកឡើងវិញថា កាលពីខែមករា ក្រសួងការបរទេសអាមេរិក បានអនុញ្ញាតឲ្យបុគ្គលិកជួលដោយផ្ទាល់របស់សហរដ្ឋអាមេរិក ចាកចេញដោយស្ម័គ្រចិត្ត និងបានបញ្ជាឲ្យសមាជិកគ្រួសារដែលមានសិទ្ធិ ត្រូវចាកចេញពីស្ថានទូតនៅក្នុងទីក្រុង គៀវ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds