ឆ្នាំ២០២១ កម្ពុជា នាំចេញទៅកាណាដា មានទំហំទឹកប្រាក់ជាង$៩៥៤,៨២លាន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ក្នុងឆ្នាំ២០២១ កម្ពុជា នាំចេញទៅប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់ រហូតដល់ ៩៥៤,៨២លានដុល្លារអាមេរិក។ ការអះអាងនេះ បន្ទាប់ពីជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
ជំនូបនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូច និងមធ្យម ការចរចារពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ព្រមទាំងការអភិវឌ្ឍន៍ គម្រោងជំនួយផ្សេងៗទៀត ដូចជា ការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ដល់កម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានអោយដឹងថា “ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជា បាននាំចេញទៅប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់ រហូតដល់ ៩៥៤,៨២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១”។
លោករដ្ឋមន្រ្តី បានស្នើឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពក្នុងការសិក្សា ទៅលើលទ្ធភាពនៃការបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំ កិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគ នៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។ លើសពីនេះ កម្ពុជាបានធ្វើកំណែទម្រង់ និងក៏សាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួល ដល់បរិយាកាសធុរកិច្ច នៅកម្ពុជា ឱ្យកាន់តែប្រសើឡើង។
លោករដ្ឋមន្ត្រី បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គង ឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេស ដល់កម្ពុជា ដែលជាប្រទេស មានគម្លាតសេដ្ឋកិច្ច តិចជាងប្រទេសអាស៊ាន មួយចំនួន។
លោកជំទាវឯកអគ្គរដ្ឋទូត បានអោយដឹងថា កាណាដានឹងជំរុញ ការចរចារពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សា ទៅលើលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការ ស្របគ្នាជាមួយគោលនយោបាយ ពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួន ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ភាគីកាណាដាគាំទ្រជានិច្ច ចំពោះការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា។
លោករដ្ឋមន្រ្តី បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញបរិយាកាសធុរកិច្ច នៅកម្ពុជាឱ្យកាន់តែល្អប្រសើឡើង ជាពិសេសការជួយសម្របសម្រួល ដល់ធុរជនរបស់ប្រទេសកាណាដា ក្នុងការធ្វើធុរកិច្ច នៅកម្ពុជា៕