កម្ពុជាកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

 

លោកស្រីថ្លែងបែបនេះ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។

 

ការស្នើសុំចុះ ព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការងារមួយ ក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា របស់ក្រសួងវប្បធម៌ នាពេលកន្លងមក។ នេះជាការងារអភិរក្សវប្បធម៌ ក្នុងទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ «ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង «ទីក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣, និងព្រះរាជពិធីបុណ្យអុំទូក»។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ១០៩សំណង់, វត្ថុបុរាណ/វត្ថុសិល្បៈចំនួន ៨២៩៦ (ប្រាំបីពាន់ពីររយកៅសិបប្រាំមួយ) វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់, វត្ថុជាតិពន្ធុសាស្ត្រចំនួន ៥០៩មុខ, និងសាស្ត្រាស្លឹករឹត ចំនួន ៣១០៤៦ (បីម៉ឺនមួយពាន់សែសិបប្រាំមួយ)ខ្សែ។ ទន្ទឹមគ្នានេះ ក្រសួងបានរកឃើញនិងទទួលបានវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភពទាំងអស់ចំនួន ៣១៤៣៤ (បីម៉ឺនមួយពាន់បួនរយសាមសិបបួន)វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ បូករួមទាំងវត្ថុបុរាណចំនួនជាង១០០រូបបន្ថែមទៀត ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីបរទេស ក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។

ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀងសម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ, ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ“នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈដែលទើបដំឡើងថ្មីដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds