ថ្ងៃមង្គលរបស់ប្អូនស្រី បែរជាបងបង្កើតខឹងរឿងកម្មង់បទចំរៀង Remix មិនបាន ទាញកែវស្រាគប់អ្នកចម្រៀងផ្អើលរត់ជាន់ជើងគ្នា (មានវីដេអូ)
មានការភ្ញាក់ផ្អើលមួយក្នុងពិធីមង្គលការមួយកន្លែង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅព្រោះតែបងប្រុសកូនក្រមុំ ទាញកែវស្រាគប់ទៅលើអ្នកចម្រៀង ស្របពេលដែលភ្ញៀវប្រុសស្រី កំពុងហូបចុកយ៉ាងសប្បាយរីករាយ បណ្តាលឲ្យអ្នកចម្រៀង និងអ្នកភ្លេងនៅលើឆាកឈប់ប្រគុំ រត់ចែកជើងគ្នាព្រាតតែម្តង។
ប្រភពព័ត៌មានពីភ្ញៀវបានឱ្យដឹងថា មុនពេលកើតមានរឿងនេះ មានភ្ញៀវប្រុសស្រីក្មេងចាស់ជាច្រើននាក់ចូលរួមពិសាភោជនីអាហារក្នុងពិធីអាពាហ៍ពិពាហ៍កូនក្រមុំរបស់លោក ម៉ុន ជាមន្ត្រីនៃមន្ទីរផែនការខេត្តប៉ៃលិន និងប្រពន្ធឈ្មោះ ចែថា ជាអាជីវករលក់សាច់គោក្នុងផ្សារ លុះនាំគ្នាហូបដល់ម៉ោងកើតហេតុខាងលើ
ស្រាប់តែបងប្រុសបង្កើតរបស់កូនក្រមុំទៅនិយាយជាមួយមេការក្រុមតន្ត្រី សុំឱ្យឈប់លេងភ្លេងផ្ទាល់ដៃ និងឈប់ច្រៀង ព្រោះរូបគេចង់ប្តូរមកចាក់បទចម្រៀងរីមិច(Remix) ញាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយជាមួយមិត្តភ័ក្ដិវិញ
តែមេការមិនទាន់ឱ្យក្រុមតន្ត្រីឈប់លេងនិងច្រៀង ទើបបងប្រុសកូនក្រមុំទាញកែវស្រាកំពុងផឹកគប់ទៅលើអ្នកចម្រៀងបណ្តាលឱ្យរត់គេចពេញឆាក តែមិនត្រូវនរណាម្នាក់បណ្តាលឱ្យរងរបួសនោះទេ។
បើតាមបុរសម្នាក់ឈ្មោះ ម៉ៃ ជាមេការតន្ត្រីខាងលើ បានឱ្យដឹងនៅវេលាម៉ោង១១ ថ្ងៃទី៨ ខែកុម្ភៈ នេះថា ពេលឃើញភ្ញៀវកំពុងតែហូបអាហារ ក្រុមតន្ត្រីរបស់លោកបន្តច្រៀងបទរាំវង់ និងបទញាក់ខ្លះៗ ដើម្បីបង្កភាពសប្បាយរីករាយ ស្រាប់តែបងប្រុសរបស់កូនក្រមុំ មកនិយាយជាមួយខ្លួនថា រូបគេបានជួលអ្នកចាក់បទចម្រៀងរីមិច (Remix) អស់៥០ដុល្លារ ដើម្បីយកមកចាក់រាំសប្បាយនៅក្នុងរោងការនេះដែរ មុននឹងភ្ញៀវហូបអាហាររួចត្រឡប់ទៅផ្ទះ។
លោកបន្តទៀតថា បើចាក់បទបែបនោះ នឹងគ្មានភ្ញៀវចាស់ៗណានៅបន្តរាំលេងបានទេ ព្រោះជាបទសម្រាប់ក្រុមក្មេងស្ទាវប៉ុណ្ណោះ ទើបខាងលោកមិនទាន់អនុញ្ញាត ក៏លោកគប់កែវតែម្ដង។