វិស័យ​ទេសចរណ៍​ខេត្តព្រះសីហនុ នឹងមាន​ការប្រែប្រួល​មុខមាត់​ថ្មី

ព្រះសីហនុ ៖ ខណៈ​អាជ្ញាធរ និង​វិស័យ​ឯកជន​កំពុង​រួមគ្នា​ជំរុញ​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់ វិស័យ​ទេសចរណ៍​ខេត្តទិសនិតីមួយនេះ​នឹងមាន​ការប្រែប្រួល​មុខមាត់​ថ្មី ​។

កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ចុងក្រោយ​ស្តីពី​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្នកម្ម​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក សុខ សុគុណ អគ្គនាយករង និង​ជា​ប្រធាន​ចាត់ចែង​គម្រោង​ក្រសួង​ទេសចរណ៍ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី ជា​មន្ត្រីរាជការ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត ប្រធាន​សមាគម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។

លោក សុខ សុគុណ បាន​និយាយថា ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ៥ ​ឆ្នាំ (២០២១-២០២៥) ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ កំណើន​សេដ្ឋកិច្ច​សង្គម ថែរក្សា​ធនធាន​ធម្មជាតិ និង​វប្បធម៌​ឱ្យ​កាន់តែ​ល្អប្រសើរ​។ លោក​បន្តថា ផែនការ​នេះ​ក៏ត្រូវ​រំពឹងថា​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​ដែលមាន​សុវត្ថិភាព​មាន​ភាពទាក់ទាញ និង​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ទទួលបាន​ជោគជ័យ​ចាំបាច់​ត្រូវ​មាន​ការគាំទ្រ និង​សហការ​អនុវត្ត​ល្អ​ពី​គ្រប់ភាគី ហើយ​ការប្រកួត​ប្រជែង​ទីផ្សារ​គឺ​ផ្តោតទៅលើ​កញ្ចប់​ទស្សនកិច្ច​។ ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ​ក៏មាន​ព្រលាន​យន្តហោះ​អន្តរជាតិ ដែល​យន្តហោះ​ប្រភេទ​ធំ​អាច​ចុះចត​បាន និង​មាន​ឆ្នេរ​ខ្សាច់ និង​ប្រជុំ​កោះ ដែលជា​សក្តានុពល​ទេសចរណ៍​ដ៏សម្បុរ​បែប​»​។

ទន្ទឹមនឹង​សក្តានុពល​ទាំងអស់​នេះ ខេត្ត​ព្រះសីហនុ​ក៏មាន​បញ្ហា​ប្រឈម​ផងដែរ ដូចជា​តំបន់​ទំនប់រលក​ដែល​មាន​សំរាម និង​ថង់​ប្លាស្ទិក​ជាច្រើន​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់​ប្រែក្លាយ​តំបន់​ទំនប់​រលក​ទៅជា​តំបន់​ទេសចរណ៍​ទាក់ទាញ ហើយ​សេចក្តី​ព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នឹង​ក្លាយជា​ត្រីវិស័យ​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្រោយពី​វិបត្តិ​កូវីដ​ ១៩»​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដែល​ផែនការ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​មន្ទីរ អង្គភាព ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អ្នកវិនិយោគ​។ លោក​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​បេ្តជ្ញា​ចិត្តនឹង​ជួយ​ជ្រោមជ្រែង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​»​។

លោក ឌីម៉ង់​ បន្ថែម​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ប្លង់​មេ​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នាពេល​ខាងមុខ​។ រដ្ឋាភិបាល​ក៏បាន​កំណត់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​តារា​រះ​នា​ទិសនិរតី ដែលមាន​ខេត្ត​ជាប់​សមុទ្រ ៤ មានដូចជា ខេត្ត​ព្រះសីហនុ កោះកុង ខេត្ត​កែប និង​ខេត្តកំពត​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds