សម្តេចតេជោ ប្រតិកម្មលោក ជេម សុខ អំពីការប្រមាថជាតិសាសន៍ខ្មែរឯង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត បានផ្ញើសារទៅកាន់លោក សុខ សុគន្ធ ហៅជេម សុខ ដែលអ្នកវិភាគអំពីស្ថានការណ៍នៅកម្ពុជាថា មិនគួរប្រមាថជាតិសាសន៍ខ្មែរនោះទេ ទោះបីជាបានសញ្ជាតិអាមេរិក តែក៏កុំភ្លេចកំណើតខ្លួនដែរ ។
បើតាមសម្តេច ជេម សុខ មិនមែនរិះគន់វាយប្រហារ សម្តេចតែម្តងនោះទេ គឺច្រើនដងហើយ ប៉ុន្តែបុគ្គលជេម សុខនេះ ក៏បានដឹងខ្លួន ហើយអះអាងនៅមុខសម្តេច តាមរយៈសារតេឡេក្រាម ថានឹងបន្ថយការនិយាយ លើសលួសមកលើសម្តេច។
នៅថ្ងៃ៧ កុម្ភៈនេះ ក្នុងពិធីសម្ពោធផ្លូវមួយកន្លែង នៅក្រចេះសម្តេចតេជោ បានចាក់សំឡេងសាររបស់ជេម សុខ ដែលផ្ញើមកកាន់សម្តេច អំពីការបន្ថយការ និយាយលើសលួសមកសម្តេច។ ដោយសម្តេចបានហៅជេម សុខ ថាប្អូន។
សម្តេចតេជោបានថ្លែងថា ផ្តាំទៅលោក ជេម សុខ ថាប្អូននិយាយខុសលើការ ប្រមាថជាតិសាសន៍ ទោះប្អូនចូលសញ្ជាតិគេក៏ដោយ តែមិនគួរប្រមាថជាតិសាសន៍ឯងទេ។
សម្តេចថា “ការនិយាយនេះដើម្បីឲ្យខ្ញុំជេរទៅគាត់ តែខ្ញុំមិនជេរទេ ហើយក៏ចាំបាច់និយាយចឹងធ្វើអី”៕