យោធាអ៊ុយក្រែន ទទួលសព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិករួចហើយ
អ៊ុយក្រែន ៖ បន្ទាប់ពីមានភាពតានតឹងដែលអូសបន្លាយនៅជុំវិញអ៊ុយក្រែននៅតែក្ដៅគគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានអះអាងថា យោធាអ៊ុយក្រែនបានទទួលសព្វាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិករួចហើយដែលជាផ្នែកនៃកញ្ចប់ជំនួយយោធាថ្មីបំផុត ។
កាលពីចុងខែធ្នូ ប្រធានាធិបតី Joe Biden បានអនុម័តកញ្ចប់ជំនួយសន្តិសុខចំនួន ២០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានជំនួយការពារជាតិដ៍សាហាវដូចជា មីស៊ីលប្រឆាំងរថក្រោះ Javelin និងគ្រាប់កាំភ្លើងជាដើម ។
ទន្ទឹមនោះ កាលពីថ្ងៃព្រហស្បតិ៍លោក Reznikov បានប្រកាសថា យន្តហោះទី ៧ ដែលផ្ទុកជំនួយយោធាអាមេរិកចំនួន ៨៥ តោន បានមកដល់ប្រទេសអ៊ុយក្រែន ។
ខណៈណាតូបានបង្កើនការព្រួយបារម្ភលើការចោទប្រកាន់របស់រុស្ស៊ីអំពីការកសាងយោធានៅជិតព្រំដែនអ៊ុយក្រែន និងជំរុញឲ្យសម្ព័ន្ធមិត្តបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់ទីក្រុងគៀវ ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងរដ្ឋបាល់ទិកបានផ្គត់ផ្គង់សព្វាវុធមួយចំនួនដល់អ៊ុយក្រែនរួចហើយ ភាគច្រើនជាកាំភ្លើងដៃ គ្រាប់កាំភ្លើង និងអាវុធប្រឆាំងរថក្រោះជាដើម ។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ថាបានរៀបចំសម្រាប់ការលុកលុយអ៊ុយក្រែន ហើយបានរិះគន់ការបង្កើនយោធា និងការបង្កហេតុរបស់ណាតូនៅក្នុងតំបន់ ៕