លោក ពូទីន និងលោក ម៉ាក្រុង ជួបសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាសន្តិសុខ
ប៉ារីស ៖ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដែលជាលើកទី ៣ ហើយនៅអំលុងពេល ១សប្តាហ៍មកនេះ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាសន្តិសុខ ដែលរុស្ស៊ីចង់បានពីលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ក្រោយកិច្ចសន្ទនាខាងលើនេះវិមានក្រឹមឡាំងបានប្រកាសឲ្យដឹងថា មេដឹកនាំទាំងពីររូបបានបន្ត «ការសន្ទនាជាមួយគ្នា លើប្រធានបទសំខាន់ៗ» ពាក់ព័ន្ធស្ថានភាពនានានៅអ៊ុយក្រែន ព្រមទាំងការបង្កើតឲ្យមាន «ការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់» រវាងប្រទេសរុស្ស៊ី និងក្រុមប្រទេសលោកខាងលិច។
លោក ពូទីន ក៏បានលើកឡើងប្រាប់លោក ម៉ាក្រុង អំពី «សេចក្តីថ្លែងការណ៍បែបបង្កហេតុ និងសកម្មភាពរបស់ថ្នាក់ដឹកនាំក្រុងកៀវ» ដែលបានប្រឆាំងទៅនឹងកិច្ចព្រមព្រៀងទីក្រុង មីង (Minsk) ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនផងដែរ។
អ្វីដែលរុស្ស៊ីបានទាមទារកន្លងមក នោះគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ត្រូវតែធានាថា អ៊ុយក្រែនគ្មានថ្ងៃក្លាយជាសមាជិកមួយរបស់ NATO ជាដាច់ខាត ព្រោះវានឹងក្លាយជាការគំរាមកំហែង ដោយប្រយោលចំពោះសន្តិសុខរុស្ស៊ី។ តែយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធចំពោះការទាមទារនេះ និងបានកៀរគរសម្ព័ន្ធមិត្ត ដើម្បីគំរាមដាក់់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ប្រសិនបើការវាយប្រហារអ៊ុយក្រែន ផ្ទុះឡើងថែមទៀត៕