ក្រសួងសាធារណការ ឆ្នាំ២០២២ ប្ដេជ្ញា ធ្វើការងារយកចិត្តទុកដាក់បំផុត ច្រៀសវាង ធ្វើម្ដងហើយ ម្ដងទៀត
ភ្នំពេញ ៖ ជាថ្មីម្តងទៀតរដ្ឋមន្ដ្រីក្រសួងសាធារណការ ប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការងារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដោយយកចិត្តទុកដាក់បំផុត ដើម្បីច្រៀសវាងការធ្វើការងារដដែលៗ ម្ដងហើយ ម្ដងទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានអរណចំពោះ ក្រសួងសេដ្ឋកិច្ច ដែលតែងតែជួយគាំទ្រ និងស្វែងរកប្រភពថវិកា សម្រាប់ធ្វើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ដូចជា ការសាងសង់ ជួសជុល និងថែទាំផ្លូវ-ស្ពាន រួមទាំងការអភិវឌ្ឍប្រព័ន្ធភ័ស្តុភារកម្ម ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក្នុងគោលដៅជំរុញពិពិធកម្មមូលដ្ឋាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោក បញ្ជាក់ថា លទ្ធផលដ៏ល្អប្រសើរ នៃការអនុវត្តការងារឆ្នាំចាស់ និងឆន្ទៈក្នុងការជំរុញនូវគុណភាព និងប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២២នេះ យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តទិសដៅការងារដែលក្រសួងបានដាក់ចេញសម្រាប់ឆ្នាំ២០២២នេះ ដោយធានាថា ការងារដែលយើងធ្វើ គឺជាការងារដែលត្រឹមត្រូវ និងមានគុណភាព ធ្វើដោយយកចិត្តទុកដាក់ ចាប់តាំងពីដំណាក់កាលដំបូង ដើម្បីចៀសវាងការធ្វើការងារដដែលៗ ម្ដងហើយ ម្ដងទៀត ជាច្រើនលើក»។
លើសពីនេះទៀត លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា ជាពិសេសប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមមាន ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ មកអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕