ក្រសួងស្នើសម្តេចនាយក​រដ្ឋមន្ត្រី សុំ​ពន្យារពេល​ការអនុវត្ត​ «​ពន្ធ​លើ​ចំណេញ​មូលធន​» ​រយៈពេល​២ ​ឆ្នាំ

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានដាក់​សំណើ​ទៅសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ពន្យារពេល​ការអនុវត្ត​ «​ពន្ធ​លើ​ចំណេញ​មូលធន​» ​រយៈពេល​ ២ ​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤ ដើម្បី​ចូលរួម​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក មាស សុខសេនសាន ​បាន​អោយដឹង​ថា រដ្ឋាភិបាល​បានចេញ​សេចក្តី​សម្រេច​លេខ ១២២ សសរ ចុះ​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១ ពី​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣​។

លោក​បន្តថា សម្រាប់​ការកែលម្អ​បរិយាកាស​ធុរកិច្ច​​នៃ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​រដ្ឋាភិបាល​បានដាក់​ចេញ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១ បាន​បញ្ជាក់ថា ក្នុង​រយៈពេល ២ ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ជួយ​សម្រាល​បន្ទុក​សារពើពន្ធ​របស់​វិស័យ​ឯកជន ពិសេស​វិស័យ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដើម្បី​រក្សា​លំនឹង​អាជីវកម្ម​។

លោកថា​៖ «​ក្នុងន័យនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​សំណើ​គោរព​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល​ ២ ​ឆ្នាំ​ទៀត​ដោយ​កំណត់​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ ជា​កាលបរិច្ឆេទ​នៃ​ការ​​អនុវត្ត​ពន្ធ​នេះ តាមរយៈ​លិខិត​លេខ ២៥៧ សហវ.អពដ ចុះ​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២»​។

លោក​បន្ថែមថា​៖ «​ហេតុនេះ​មូលដ្ឋាន​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកសំណើ​គោរព​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូល​ពន្ធ​គឺ​ដើម្បី​ចូលរួម​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ ២០២១-២០២៣ ដើម្បី​ជំរុញ​ការវិនិយោគ និង​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ​»​។

ពន្ធ​លើ​ចំណេញ​មូលធន​នឹងត្រូវ​អនុវត្ត​ចំពោះ​ការលក់ ឬ​ផ្ទេរ ឬក៏​បង្កើតឱ្យមាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ ឬ​ចុះបញ្ជី​សម្រាប់​ការផ្ទេរ​កម្មសិទិ្ធ ឬ​សិទ្ធិ​កាន់កាប់​ទ្រព្យ​។

យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ចុះ​កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ​ ២០២០ ការបង់ពន្ធ​នេះ​គឺ​បានមកពី​ការលក់​នៃ​អចលនទ្រព្យ​មួយចំនួន​ដូចជា ដី អគារ ភាគហ៊ុន អាជ្ញាប័ណ្ណ ប៉ាតង់ សញ្ញា​បណ្ណ​បំណុល និង​រូបិយប័ណ្ណ​ក្នុង​អត្រា ២០ ​ភាគរយ​។

រដ្ឋាភិបាល​ក៏​សម្រេច​លើកលែង​ពន្ធ​លើ​ចំណេញ​មូលធន​ចំពោះ​ការលក់ និង​ផ្ទេរ​ដី​កសិកម្ម​ជា​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​របស់​ប្រជាពលរដ្ឋ​ដែលជា​កសិករ​កំពុង​បង្កបង្កើនផល​ពិតប្រាកដ និង​មាន​អាសយដ្ឋាន​រស់នៅ​ស្ថិតនៅក្នុង​ឃុំ​សង្កាត់​លើដី​កំពុង​ធ្វើ​កសិកម្ម​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds