លោក ស ខេង គាំទ្រឱ្យមានការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយប្រទេសអារ៉ាប៊ី សាអ៊ូឌីត
ភ្នំពេញ៖ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៧ខែមករា រវាងលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក Saud F.M. AI Suwelim ឯកអគ្គរាជទូតអារ៉ាប៊ី សាអ៊ូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស ខេង គាំទ្រដែលចង់ឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថ្នាក់ដឹកនាំ ប្រទេសទាំង ២ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
លោក Saud F.M. AI Suwelim បានជម្រាបជូនលោក ស ខេងថា តាមពិតនៅក្នុងឆ្នាំកន្លងទៅ គណៈប្រតិភូ និងថ្នាក់ដឹកនាំរបស់អារ៉ាប៊ីសាអ៊ូឌីត មានបំណងធ្វើការផ្លាស់ប្ដូរទស្សនកិច្ចមកកម្ពុជា ប៉ុន្ដែដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យគម្រោងនៃការផ្លាស់ប្ដូររបស់គណៈប្រតិភូ និងថ្នាក់ដឹកនាំមួយចំនួន នៃអារ៉ាប៊ីសា អ៊ូឌីត ត្រូវបានលើកពេល។
លោកឯកអគ្គរាជទូត បានលើកឡើងថា បច្ចុប្បន្ននេះ ក៏កំពុងតែពិនិត្យទៅលើពេលវេលាសមស្របណាមួយ ដើម្បីរៀបចំឡើងវិញនូវគម្រោងការផ្លាស់ប្ដូរទស្សនកិច្ចនោះផងដែរ។ លោកជឿជាក់ថា បើសិនមានការរៀបចំដំណើរទស្សនកិច្ចទាំងនោះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ ទាំងលើវិស័យទំនាក់ទំនងទំហំពាណិជ្ជកម្ម ក៏ដូចជា កិច្ចសហប្រតិបត្តិការ លើវិស័យសន្ដិសុខ។
ជាការឆ្លើយតប លោកស ខេង សង្ឃឹមថា នឹងមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំង២ និងបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ព្រោះជាការងារដ៏មានសារៈសំខាន់ ជាពិសេសប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសមួយដែលមានការរីកចម្រើន ដូច្នេះកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ជាប្រទេសកំពុងឆ្លងកាត់រួចផុតពីសង្គ្រាម ហើយត្រូវការយ៉ាងចាំបាច់នូវដៃគូ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈអាណត្តិការទូតរបស់ លោក Saud F.M. AI Suwelim គឺនឹងបន្ដធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត កាន់តែមានការរីកចម្រើនលូតលាស់ទៅមុខថែមទៀត។
ចំពោះគម្រោងពិនិត្យលទ្ធភាព ក្នុងការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំង២ ដូច លោក Saud F.M. AI Suwelim បានលើកឡើងពីខាងដើមនោះ ជាថ្មីម្ដងទៀត លោកស ខេង បានគាំទ្រ និងអបអរសាទរដោយ លោក ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់នេះ នឹងបង្កើនឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែទូលំទូលាយថែមទៀត ទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រួមទាំងវិស័យសន្ដិសុខ ជាពិសេសគឺប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំង២ផងដែរ៕