ឆ្នាំ​ ២០២១ កម្ពុជាប្រមូល​ចំណូល​ពន្ធអាករបាន​ក្នុង​ទឹកប្រាក់​ជាង $២,៧ ​ពាន់​លាន

ភ្នំពេញ៖ ក្នុង​ឆ្នាំ​ ២០២១ ការប្រមូល​ចំណូល​ពន្ធអាករ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ២,៧ ​ពាន់​លាន​ដុល្លារ កើន​លើស​ផែនការ​ប្រចាំឆ្នាំ​ជាង ២៤​​ ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT​ ​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ ប្រចាំឆ្នាំ​ ២០២១។

 

សេចក្តី​ប្រកាស​ព័ត៌មានឱ្យដឹងថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ដែល​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​នៅ​មិនទាន់មាន​ភាពប្រាកដប្រជា ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​រលក​នៃ​ការរីក​រាលដាល និង​វីរុស​បំប្លែង​ថ្មី​ឥតឈប់ឈរ​នៃ​កូវីដ​ ១៩ ក៏​ការប្រមូល​ពន្ធអាករ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅតែ​រក្សាបាន​នូវ​កំណើន​គួរឱ្យ​កត់សម្គាល់​។ ជាក់ស្តែង​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ ចំណូល​ពន្ធអាករ ដែល GDT ប្រមូលបាន​មាន​ចំនួន ២ ៧៨១,៩២ ​លាន​ដុល្លារ ធៀប​ទៅនឹង​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ដែល​តម្រូវឱ្យ​ប្រមូល​ឱ្យបាន ២ ២៤៣,០៧​ លាន​ដុល្លារ ឃើញថា​កើន​លើស​ផែនការ ២៤,០២ ​ភាគរយ​ស្មើនឹង​ប្រាក់​ប្រមាណ ៥៣៨,៨៥​ លាន​ដុល្លារ​។

ដោយឡែក​ចំណូល​ពន្ធអាករ​ប្រចាំ​ខែធ្នូ ឆ្នាំ​ ២០២១ មាន​ចំនួន​ ២២១,៦៨​ លាន​ដុល្លារ ស្មើ ៩,៨៨ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​ ២០២១​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ លោក គង់ វិបុល បាន​និយាយថា លទ្ធផល​ជាទី​មោទនៈ​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ប្រកបដោយ​ស្មារតី​បុរេសកម្ម និង​ទាន់ពេលវេលា ដែល​អាច​កសាង​ភាពស៊ាំ​ក្នុង​សហគមន៍​ទៅនឹង​ជំងឺ​រាតត្បាត និង​ឈានទៅ​បើក​ប្រទេសជាតិ​ឱ្យ​ដំណើរការ សេដ្ឋកិច្ច​សង្គម​ឡើងវិញ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ បានឡើយ​។

លោក​បន្ថែមទៀតថា ភាព​វិជ្ជមាន​ទាំងអស់នេះ​ក៏ដោយ​សារ GDT បាន​ដាក់ឱ្យអនុវត្ត​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​មួយចំនួន​ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ផងដែរ ដែលមាន​ដូចជា​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​តាម​អនឡាញ, ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន​ឯកសារ​អេឡិចត្រូនិក ,ការដាក់ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​សម្រាប់​ប្រកាស និង​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​តាម​អនឡាញ​, ការអនុញ្ញាតឱ្យ​ចុះបញ្ជី​ពន្ធដារ​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​, និង​ការដាក់ឱ្យ​អនុវត្ត​យន្តការ​ដំឡើង​ឧបករណ៍​វាស់​ចំណុះ​ ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​របស់​សហគ្រាស​ផលិត​នៅក្នុង​ស្រុក ដែលជា​ការពង្រឹង​អនុលោមភាព និង​តម្លាភាព​ក្នុង​ការបង់ពន្ធ​, និង​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​លិខិតបញ្ជាក់ និង​វិញ្ញាបនបត្រ​ពន្ធដារ​នានា​តាម​​អនឡាញ​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds