ឆ្នាំ២០២១ កម្ពុជារកចំណូលបានមកពីវិស័យកៅស៊ូមានចំនួនប្រមាណ$ ៦១១,៨លាន

ភ្នំពេញ ៖ នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានមកពីវិស័យកៅស៊ូមានចំនួនប្រមាណ$ ៦១១,៨លាន ក្នុងនោះការនាំចេញផលិតផលកៅស៊ូ បានចំនួន ៣៦៦ ៣០០តោន ដោយទទួលបាន ទឹកប្រាក់សរុបចំនួនជាង $៦១០,៣លាន ធៀបនឹងឆ្នាំ២០២០ កើនឡើង៨,៣%។

គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបប្រមាណជាង ៤០៤ ០៤៤ហិកតា (ថយចុះចំនួន ១១៦ហិកតា ស្មើនឹង០,០៣% ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៤០៤ ១៦០ហិកតា) ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិឧស្សាហកម្មមានចំនួន ២៤០ ៣៤៦ហិកតា ស្មើនឹង៥៩% និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានចំនួន ១៦៣ ៦៩៣ហិកតា ស្មើនឹង៤១%។ ផ្ទៃដីកៅស៊ូចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា បានកើនទ្បើងចំនួន ១៧ ៦៩៦ហិកតា ស្មើនឹង៦,១% ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២៩២ ៤៩៧ហិកតា។ ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួន ៣៦៨ ០០០តោន កើនទ្បើង១៨ ៧០០តោន ស្មើនឹង៥,៤% ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៣៤៩ ៣០០តោន។

ទិន្នផលជាមធ្យមប្រចាំឆ្នាំទទួលបាន១ ១៨៦គីឡូក្រាមក្នុងមួយហិកតា មានការថយចុះចំនួន៨គីឡូក្រាមក្នុងមួយហិកតា ស្មើនឹង០,៨% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ១ ១៩៤គីឡូក្រាមក្នុងមួយហិកតា ដោយសារការបញ្ចូលផ្ទៃដីចៀរជ័រថ្មីៗកើនឡើងច្រើនក្នុងឆ្នាំ។

ផ្អែកតាមទិន្នន័យដែលមាន យើងអាចព្យាករបានថា បរិមាណកៅស៊ូសរុប នឹងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពីឆ្នាំ២០២២តទៅ កម្ពុជានឹងអាចមានផលិតផលសរុបប្រមាណ ៤០ម៉ឺនតោនក្នុងមួយឆ្នាំៗ។

តម្លៃលក់កៅស៊ូជាមធ្យមគឺ ១ ៦៦៦ដុល្លារអាម៉េរិក/តោន បានកើនឡើងចំនួន ២៨៤ ដុល្លារអាម៉េរិក/តោន ស្មើនឹង២០,៥% ធៀបនឹងឆ្នាំ២០២០ ដែលថ្លៃលក់មធ្យម១ ៣៨២ដុល្លារ អាម៉េរិក/តោន។ ការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗ បានចំនួន ៦ ២៩២ម៉ែត្រគូប ទទួលបានទឹកប្រាក់ចំនួន ១,៥លានដុល្លារអាម៉េរិក។ កត្តាដែលមានឥទ្ធិពលលើថ្លៃកៅស៊ូធម្មជាតិ ដោយសារអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការកៅស៊ូធម្មជាតិដែលជាកត្តាមូលដ្ឋាន ជាក់ស្តែង ការផ្គត់ផ្គង់កៅស៊ូធម្មជាតិ បានថយចុះមកពីផលិតកម្មកៅស៊ូធម្មជាតិ នៅតាមបណ្តាប្រទេសផលិត មួយចំនួនជួបវិបត្តិទឹកជំនន់នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ជំងឺស្លឹកប្រភេទថ្មីរាតត្បាតនៅ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្ការ ឥណ្ឌា ការឆ្លងរីករាលដាលជាសកលនូវមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ និងរួមផ្សំដោយកត្តាមិនមែនមូលដ្ឋានមួយចំនួនទៀត។

នៅឆ្នាំ២០២១ យោងតាមរបាយការណ៍ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោក មានបរិមាណជាង១៣,៨លានតោន និងតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិ មានបរិមាណជាង១៤,១លានតោន។ តាមការព្យាករបង្ហាញថា ការផ្គត់ផ្គង់នឹងកើនឡើងដល់បរិមាណជាង១៤,៦លានតោន នៅឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds