ការសាងសង់ស្ពានឫស្សីកែវ សម្រេចបាន ៦៣.៧% គ្រោងបញ្ចប់ខែមិនា ២០២៣
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ឆ្លងកាត់ទន្លេសាប សម្រេចបាន ៦៣.៧%ហើយ។ តាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣។
គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣។
គួរបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ។
សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤ មានគន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ កម្ពស់នាវាចរ ក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន ៣៥លានដុល្លារ៕