រដ្ឋបាលខេត្តកែបពិនិត្យវាយតម្លៃពន្ធលើដីមិនប្រើប្រាស់ ក្រោយម្ចាស់ដីទាំងនោះមិនព្រមចូលមកអភិវឌ្ឍន៍

កែប៖ បន្ទាប់ពីម្ចាស់ក្បាលដីទាំងអស់មិនទាន់ចូលមកអភិវឌ្ឍន៍លើទីតាំងដីរបស់ខ្លួន និងមួយចំនួនទៀត នៅមិនទាន់អនុវត្តន៍កាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវនៅឡើយ រដ្ឋបាលខេត្តកែបបានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យវាយតម្លៃអចលនទ្រព្យសម្រាប់ មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធលើដីមិនប្រើប្រាស់ក្នុងខេត្តកែប។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានថ្លែងថា មួយរយៈនេះយើងប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាសម្រាប់បម្រើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ នៅតាមដងផ្លូវធំៗរបស់យើង ក៏មានសណ្តាប់ធ្នាប់ល្អ ទាំងបរិស្ថានអនាម័យក៏មានភាពល្អ ប្រសើរច្រើន តែយើងនៅជួបបញ្ហាមួយទៀត គឺម្ចាស់ដីឡូតិ៍ដែលទុកចោល មិនព្រមធ្វើការអភិវឌ្ឍន៍ដីរបស់ខ្លួន។

លោកបានជំរុញឲ្យអង្គប្រជុំពិនិត្យមើលលើម្ចាស់ក្បាលដីទាំងនោះ ដើម្បីដាក់ចេញនូវវិធានការសមស្របមួយ នៅពេលដែលយើងសម្រេចពីការកំណត់លើតម្លៃពន្ធដីធ្លីដែលមិនប្រើប្រាស់ ទាំងនោះ។

ប្រធានសាខាពន្ធរដា ខេត្តកែប លោក អៀង ក្អូន បានឲ្យដឹងថា ការពិនិត្យវាយតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធលើដីមិនប្រើប្រាស់ ដើម្បីងាយស្រួលឲ្យយើងអាចគ្រប់គ្រងក្បាលដីទាំងនោះបានច្បាស់លាស់ ហើយម្យ៉ាង ក៏ដើម្បីស្វែករក ចំនូលបន្ថែមទៀតជូនខេត្តតាមរយៈការដាក់កំរិតនៃការបង់ពន្ធនេះ ហើយក៏ជាការជំរុញឲ្យម្ចាស់ទីតាំងដីទាំងនោះ ចូលមកធ្វើការអភិវឌ្ឍន៍លើទីតាំងរបស់ខ្លួនផងដែរ។

លោកបញ្ចាក់ថា ចំពោះដីឡូតិ៍នៅក្រុងកែប មានជាង២ពាន់ឡូតិ៍ កាល ពីឆ្នាំ២០២១ ខាងពន្ធដារប្រមូលពន្ធលើដីដែលមិនបានប្រើប្រាស់ បានចំណូលប្រមាណជាង ៣០ លានរៀល ក្នុងនោះសន្ទុះដែលម្ចាស់ក្បាលដីឡូតិ៍ចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធមានប្រមាណ៦០%ប៉ុណ្ណោះ នៃម្ចាស់ក្បាលដីសរុប៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds