លោកនេត្រ ​ភក្ត្រា ៖ ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ អោយ​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​ក្នុង​ការកសាង​រដ្ឋបាល​ទំនើប ដើម្បី​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន

កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់​​ក្រសួងបរិស្ថានអះអាងថា កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក៏ដូចជា​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួងបរិស្ថាន​ក្នុង​ការកសាង​រដ្ឋបាល​ទំនើប ដើម្បី​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ថ្លែង​ក្នុង​ពិធី​«​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​លើ​វិស័យ​បរិស្ថាន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​» រៀបចំ​ដោយ​ក្រសួងបរិស្ថាន កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ នៅ​រដ្ឋបាល សាលាខេត្ត​កំពង់ស្ពឺ​ លោក នេត្រ​ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ក្រសួងបរិស្ថាន​បានធ្វើការ​កែទម្រង់​រចនា​សម្ព័ន្ធ​ដឹកនាំ​និង​គ្រប់ គ្រង​របស់​ក្រសួង​ក៏ដូចជា​បណ្តា​អង្គភាព​ក្រោម​ឱវាទ​ជា​បន្តបន្ទាប់ ព្រមទាំង​បាន​ខិតខំ​កសាង​គោលនយោបាយ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ក៏ដូចជា​ពង្រឹងសមត្ថភាព​មន្ត្រី​តាម​គ្រប់​មធ្យោបាយ​និង​គ្រប់​លទ្ធភាព ដើម្បី​ចូលរួម ចំណែក​គាំទ្រ​ដល់​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ និង​កំណើន​សេដ្ឋកិច្ចជាតិ ឱ្យ​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​នៃ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​កម្ពុជា ក៏ដូចជា បរិការណ៍​តំបន់ និង​អន្តរជាតិ​ផងដែរ​។​

​លោកបន្ថែមថា រហូតមកដល់​ពេលនេះ ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​ដែល​ត្រូវប្រគល់​មាន​ចំនួន ០៥ និង​មុខងារ​រង​ចំនួន ០៦ និង​សកម្មភាព​ចំនួន ២៦​សម្រាប់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្ត ដែល​ក្នុងនោះ​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​រួមមាន​៖ ១. ការងារ​គាំពារ​បរិស្ថាន​ដែល​រួមមាន​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ២. ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​, ៣. ការគ្រប់គ្រង​សហគមន៍ តំបន់ការពារធម្មជាតិ​, ៤. ការពង្រឹង​ការងារ​អប់រំ​បរិស្ថាន​, ៥. ការអភិវឌ្ឍ​ដោយ​ចីរភាព​។

​លោកបន្តថា ក្រសួងបរិស្ថាន​ក៏បាន​ធ្វើការ​ផ្ទេរ​ធនធាន​មនុស្ស ធនធាន​ហិរញ្ញវត្ថុ និង​មធ្យោបាយ​សំភារៈ​មួយចំនួន​ជូន​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ផងដែរ ជាអាទិ៍​៖ បាន​បញ្ជូន​មន្ដ្រី​ពី​ក្រសួងបរិស្ថាន​ចំនួន ១៩៤​នាក់ ក្នុងនោះ​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន ១៨៦​នាក់ និង មន្ត្រី ជាប់កិច្ចសន្យា​ចំនួន​៨​នាក់ និង​ធនធាន​ហិរញ្ញវត្ថុ​សរុប​ចំនួន ៣.១១០​លាន រៀល ក្នុង នោះ​ថវិកា​សម្រាប់​បន្ទុក​បុគ្គលិក​ចំនួន ៣.០២០​លាន​រៀល និង​ប្រតិបត្តិការ ផ្នែក​រដ្ឋបាល​ចំនួន ៩០​លាន រៀល ថែម​ទៀតផង​។

​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានលើកឡើង​ដោយ​បញ្ជាក់ថា ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​មុខងារ​ទាំងនេះ លិខិតបទដ្ឋាន និង​គោលការណ៍ ណែនាំ​បច្ចេកទេស​មួយចំនួនទៀត ក៏ត្រូវ​បានរៀបចំ និង​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់​។ ក្រសួងបរិស្ថាន​បានកំណត់ យក​គោល ដៅ​អាទិភាព​របស់ខ្លួន​នូវ​ការបន្ត លើកកម្ពស់​សមត្ថភាព​មន្ត្រី និង​ស្ថាប័ន ថ្នាក់ក្រោម​ជាតិ ក៏ដូចជា ការយល់ដឹង​ជា​សាធារណៈ តាមរយៈ​កម្មវិធី​អប់រំ​បរិស្ថាន និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស​ជាប្រចាំ ដូចជា​សិក្ខាសាលា​ថ្នាក់​តំបន់ ដែល​យើង​កំពុង​ប្រារព្ធ​ធ្វើ​នាពេលនេះ​ជា​សក្ខីភាព​ស្រាប់​។

​លោក​ថា ក្រសួងបរិស្ថាន​បាន​និង​បន្ត​លើកទឹកចិត្ត និង​ជួយ​គាំទ្រ​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​កន្លងមក ក្រសួង​បាន​ផ្តួចផ្តើម​ជំរុញ​ឱ្យ មាន​កញ្ចប់​ថវិកា​អនាម័យ​បរិស្ថាន​ចំនួន ៨.០០០​លាន​រៀល​ក្នុង​មួយឆ្នាំ ពី​ថវិកា ជាតិ​សម្រាប់​រដ្ឋបាល ក្រុង គោលដៅ​ចំនួន​២៧ ដើម្បី​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម សំណល់ រឹង រាវ​ទីប្រជុំជន​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds