អ្នកវិនិយោគិនជប៉ុនជប៉ុន ស្នើគយជួយដោះស្រាយបញ្ហាមួយចំនួននៅច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់បានណុងអៀន
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចសន្ទនាលើកទី ៥ ស្តីពីការពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួនរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៤ មករា សមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន បានស្នើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយដោះស្រាយបញ្ហាមួយចំនួននៅច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់បានណុងអៀន បន្ទាប់ពីច្រកថ្មីនេះបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន។
ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) លោក KANDA Yogo បានលើកឡើងថា ក្រោយពីច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់បានណុងអៀនបានដាក់ឱ្យដំណើរការជាណ្តោះអាសន្នមកសមាគមបានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ការរៀបចំការិយាល័យធ្វើការបណ្តោះអាសន្ន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ Single Stop Inspection, ការងារពង្រីកមុខងារប្រព័ន្ធអាស៊ីគូដា កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការវាយបញ្ចូលទិន្នន័យស្ទួនគ្នា ២ ដង ក្នុងប្រតិវេទន៍តម្លៃគិតពន្ធគយក្នុងប្រព័ន្ធ CVDS និងប្រតិវេទន៍ SAD នាពេលបំពេញបែបបទបញ្ចេញទំនិញពីគយនាមាត់ច្រកព្រំដែន។
លោកបន្ថែមថា៖ «នៅមានបញ្ហាមួយចំនួនទៀត ដែលសមាគមស្នើឱ្យអគ្គនាយកដ្ឋានគយជួយដោះស្រាយផងដែរ មានដូចជា ការអនុវត្តនីតិវិធី Pre-arrival processing ក្រោមគម្រោងជំនួយរបស់ ARISE Plus, ការកែសម្រួលអំពីរយៈពេលនៃការរក្សាទុកឯកសារ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងមន្ត្រីទំនាក់ទំនងរបស់អគ្គនាយកដ្ឋានគយ»។
ជាការឆ្លើយតប លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា អគរ នឹងពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួនរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយដែលសមាគមបានស្នើ។ ក្រៅពីការដោះស្រាយបញ្ហាប្រឈមទាំងនេះហើយ អគរ ក៏ទទួលយកសំណើរបស់ JBAC ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ (Briefing Session) អំពីវឌ្ឍនភាពនៃបទប្បញ្ញត្តិជាធរមាន ជាពិសេសការពង្រីកមុខងារប្រព័ន្ធអាស៊ីគូដាជំនាន់ចុងក្រោយ និងការងារពាក់ព័ន្ធផ្សេងទៀតជូនសមាជិក JBAC ដោយអគរ នឹងធ្វើការបន្តជាមួយ JBAC ដើម្បីកំណត់យកប្រធានបទ និង ពេលវេលា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាពេលឆាប់ៗនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអ៊ិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់បានណុងអៀន ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន ដើម្បីកុំឱ្យការងារត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែនមានភាពយឺតយ៉ាវ និងបង្កភាពស្មុគស្មាញបន្ថែមទៀតដល់ការដឹកជញ្ជូន។
កាលពីដើមឆ្នាំ ២០២០ កម្ពុជា និងថៃបានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវនៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញក្នុងពេលឆាប់ៗនេះ ដោយគម្រោងសាងសង់នេះត្រូវចំណាយជាង ២៤ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣៕ LA