ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតនៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតនៅកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ដែលនាំឱ្យប៉ះពាល់អវិជ្ជមានចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់និងពិភពលោក ដែលផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេងដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយបង្កឱ្យមានការបំពុលឆ្លងដែន រួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ ក្លាយជា បញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់។
លោកបន្តថា ប្រភពនៃការបំពុលខ្យល់មានការកើនឡើង ជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់បណ្តាលឱ្យមាន កំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស។ ផែនការខ្យល់ស្អាតកម្ពុជា ជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា ផែនការខ្យល់ស្អាតកម្ពុជា ត្រូវបានរៀបចំឡើងដោយធ្វើសមាហរណកម្មជាមួយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខាន ដោយសំឡេងដើម្បីដាក់ចេញជាវិធានការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់៕