សម្ដេច ស ខេង ៖ សព្វថ្ងៃនេះគ្រឿងញៀន កំពុងវាយលុកសង្គកម្ពុជាយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សព្វថ្ងៃនេះគ្រឿងញៀន កំពុងវាយលុកសង្គកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការស្វែងរកមូលហេតុ នៃបញ្ហានេះ ក្នុងនោះការរកឃើញជាបឋម គឺបញ្ហាគ្រឿងញៀនឆ្លងកាត់តាមព្រំដែនចូលមកកម្ពុជា និងការនាំចូលគ្រឿងញៀនសំយោគ។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីប្រគល់រថយន្ត ជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្តេច បានចាត់ទុកបញ្ហាគ្រឿងញៀនសំយោគនេះថា ជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់កម្ពុជា និងបានស្នើឱ្យរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា «សូមឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធមើលបញ្ហាហ្នឹង បើមិនដូច្នេះឯកឧត្តមនឹងជាប់ជំពាក់ ការទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ចុងក្រោយនេះ បានរកឃើញសារធាតុញៀន ដែលគេដឹកចូលមកដោយស្របច្បាប់ មិនមែនលួចលាក់ជាង១០០តោន»។ «គ្រឿងញៀនចូលតាមច្រកព្រំដែនឡាវ ព្រំដែនថៃ ព្រំដែនវៀតណាម ជាសារធាតុញៀនដែលគេបានផ្សំហើយដែលយើងចាប់បានរាប់រយគីឡូ ប៉ុន្តែគ្រឿងញៀនសារធាតុដែលគេយកផ្សំជាគ្រឿងញៀន បានចូលមកកម្ពុជាដោយស្របច្បាប់ មានរហូតដល់រាប់រយតោន ដែលថ្មីៗនេះ ៣ថ្ងៃមុននេះ រកឃើញរហូតដល់ជាង១០០តោន អញ្ចឹងសួរថា នរណាទទួលខុសត្រូវ ក្នុងការនាំសារធាតុញៀនហ្នឹងមក»។

ក្នុងឆ្នាំ២០២១ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ចំនួន៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមាន ជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។ ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤ ៤១៥ករណី ដោយឃាត់មនុស្ស ៨ ៥៤៩នាក់, ករណីប្រើប្រាស់ចំនួន ១ ៧៩២ករណី ដោយឃាត់មនុស្ស ៥ ២០៧នាក់ និងអនុវត្ដដីកា ៤៩០ដីកា ឃាត់មនុស្ស ៤៤៥នាក់។ សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបាន មានចំនួនជាង ៤ ៤៣៥គីឡូក្រាម និងកញ្ឆា ៥២ ២១៤ដើម, កញ្ឆាសួតជាង ១៤១គីឡូក្រាម។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងចំណោមអ្នកជាប់ឃុំសរុប ប្រមាណ៣,៨ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា មាន ៥៤.៥២% ហើយដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបានចាត់ទុកថា អត្រានេះមានន័យថា គ្រឿងញៀន បានវាយលុកមកលើសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចមើលរំលងបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds