ប្រធានតុលាការ និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ទទួចឲ្យមន្រ្តីក្រោមឱវាទ ខិតខំព្យាយាមក្នុងការផ្ដល់សេវាយុត្តិធម៌ ជូនពលរដ្ឋដោយគោរពច្បាប់
ភ្នំពេញ ៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា ទទូចចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីអាជ្ញាសាលា មន្ត្រីលេខាធិការធិការដ្ឋានរដ្ឋបាល និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សូមបន្តការផ្ដល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋដោយឈរលើគោលការច្បាប់ជាធរមាន ដោយយុត្តិធម៌ និងមិនលំអៀង ពោលគឺចៀសឱ្យផុតនូវអគតិទាំង៤គឺ ឆន្តាគតិ ភយាគតិ ទោសាគតិ និងមោហាគតិ។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យមើលលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា ដោយផ្អែកលើស្មារតីមាត្រា៣៤ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ក្នុងគោលបំណងដូចជា ទី១៖ បង្ហាញឱ្យឃើញសមិទ្ធផលទាំងឡាយដែលខិតខំធ្វើ ហើយសម្រេចបាន
ទី២៖ កំណត់បញ្ហាប្រឈមដែលកើតមាន និងរកដំណោះស្រាយដ៏ត្រឹមត្រូវសម្រាប់បញ្ហាទាំងនោះ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្ដូរបទពិសោធ
ទី៣៖ កំណត់ទិសដៅ ផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់នាពេលខាងមុខ ដែលជាសកម្មភាពចូលរួមចំណែកកម្មវិធីនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភោបាល ឱ្យសម្រេចជាផ្លែផ្កាដ៏ត្រចះត្រចង់។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងឆ្នាំ២០២១ កន្លងមកនេះ មន្រ្តីទាំងអស់របស់ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ រួមទាំងលេខាធិការដ្ឋានរដ្ឋបាល បានខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលក្រសួងយុត្តិធម៌ បានដាក់ចេញ។
លោកប្រធានតុលាការបន្តថា «ខ្ញុំសូមឲ្យលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីអាជ្ញាសាលា និងមន្រ្តីទាំងអស់ នៃលេខាធិការដ្ឋានរដ្ឋបាល ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ នីតិវិធី វិជ្ជាជីវៈ មនសិការ និងសាមគ្គីគ្នាបន្ថែមទៀត ដើម្បីសម្រេចនូវទិសដៅការងាររដ្ឋបាលដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២២ និងដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការផ្ដល់សេវាយុត្តិធម៌ជូនពួកគាត់»។