រដ្ឋាភិបាលប៉ូឡូញ ផ្តល់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣០ម៉ឺនដូស ជូនកម្ពុជា, សម្តេចតេជោ អញ្ជើញទទួលដោយផ្ទាល់នៅថ្ងៃស្អែក

(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ផ្តល់វ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យ Fresh News ដឹងថា វ៉ាក់សាំងជាជំនួយរបស់ប៉ូឡូញ នឹងដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងនោះដោយផ្ទាល់នៅព្រលានយន្តហោះ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឱបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលក្នុងសតវត្សរ៍ទី២១នេះ។ សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ផ្អែកលើស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយដើម្បីស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម។

វត្តមានវ៉ាក់សាំងដ៏ច្រើនសន្ធឹកនេះ បានធ្វើឱ្យកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សមុនផែនការកំណត់។ របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមករា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានចំនួនជិត ១៤លាននាក់, អ្នកចាក់៣ដូស បានជាង ៥លាននាក់ និងអ្នកចាក់បាន ៤ដូស មានចំនួនជាង ៣០ម៉ឺននាក់។

តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនរហ័សនេះ ធ្វើឱ្យសង្គមកម្ពុជាបង្កើតភាពសុាំ បូករួមនឹងការបន្តប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាលផងនោះ កម្ពុជា កាត់បន្ថយបានការឆ្លងរាតត្បាតមេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបានបើកសកម្មភាពសង្គមគ្រប់វិស័យឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងបានលឿន ការយកឈ្នះលើជំងឺកូវីដ១៩ និងឈានទៅបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា បានធ្វើឱ្យមានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ចាត់ចែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់អង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។

លោកស្រី លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ធ្លាប់បានលើកសរសើរពីការសម្រេចចិត្តមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាទិញ និងធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ លោកស្រី ក៏បានសរសើរដល់ពលរដ្ឋកម្ពុជា ដែលមានស្មារតីខ្ពស់ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសស្មារតីទៅទទួលវ៉ាក់សាំងតាមការកំណត់របស់រាជរដ្ឋាភិបាល។

ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក៏ធ្លាប់បានថ្លែងកោតសរសើរលើជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ឃើញថារាជរដ្ឋាភិបាលបានដឹកនាំជាមួយកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺមានលក្ខណៈគួរឱ្យកោតសរសើរមែនទែន។ រាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតនៅក្នុងកម្រិតមួយខ្ពស់ក្នុងចំណោមប្រទេសដែលធ្វើបែបនេះបាន ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋគោលដៅដោយប្រើពេលត្រឹម៨ខែ»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds