អាជ្ញាធរខេត្តប៉ៃលិនគ្រោងបើករមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរនាថ្ងៃចូលឆ្នាំចិន
ប៉ៃលិន៖ បន្ទាប់ពីរមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ បានផ្អាកមួយរយៈដើម្បីកែលម្អបរិស្ថាន និងសោភ័ណភាព អាជ្ញាធរខេត្តប៉ៃលិនគ្រោងអនុញ្ញាតឱ្យបើករមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ។
នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២នេះ លោក បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមនឹង លោក លោកស្រី តំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីត្រៀមរៀបចំបើកទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ បន្ទាប់ពីរមនីយដ្ឋាននេះ បានផ្អាកជាបណ្តោះអាសន្នក្នុងការស្ថាបនាផ្លូវឡើងទៅ និងបានធ្វើកែលម្អបរិស្ថានមួយចំនួនធំ ដើម្បីជាសោភ័ណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕