កម្ពុជា ព្រួយបារម្ភចំពោះ​ការ​ប៉ះទង្គិច​ប្រដាប់អាវុធនៅ​រដ្ឋ Kayah State​ប្រទេស​មី​យ៉ាន់​ម៉ា

ភ្នំពេញ៖ ​កម្ពុជាសម្តែង​នូវ​ការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ប៉ះទង្គិច​ប្រដាប់អាវុធ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រដ្ឋធានី​នៃ​រដ្ឋការ​យ៉ា​ហ៍ (Kayah State)នៅ​ប្រទេស​មី​យ៉ាន់​ម៉ា រវាង​យោធា និង​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ ដែល​អំពើហិង្សា​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​វឌ្ឍនភាព ដែល​សម្រេចបាន​នាពេល​ថ្មីៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​នេះ​។

សេចក្តី​ថ្លែងការណ៍បានអោយដឹង​ថា “​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​អំពី​ភាព​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា ផ្អែកលើ​បទពិសោធន៍ និង​មេរៀន​នានា ដែល​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​រប​ស់​កម្ពុជា សន្តិភាព​ទាំងស្រុង និង​ការបង្រួបបង្រួម​ជាតិ មិនអាច​សម្រេច​បានឡើយ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការឯកភាព​ពេញលេញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

នៅក្នុង​សេចក្តីថ្លែងការណ៍បញ្ជាក់ថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួលយក​បទ​ឈប់​បាញ់ បញ្ចប់​នូវ​រាល់​សកម្មភាព ដែល​ហិង្សា អនុវត្ត​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត និង​ចាប់ផ្តើម​កិច្ច​សន្ទនា ដើម្បី​បង្កើត​នូវ​ស្ថានភាព​អំណោយផល សំដៅ​ឈានទៅរក​ការកសាង​ឡើងវិញ នូវ​សន្តិភាព​នៅក្នុង​ប្រទេស ដែល​អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ ចំណុច​របស់​អាស៊ាន​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds