មន្ត្រី ៖ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីនឹងកាន់តែទាក់ទាញនៅក្នុងឆ្នាំ២០២២

មណ្ឌលគិរី៖ បន្ទាប់ពីមានអ្នកទេសចរខ្ទង់ជិត១ម៉ឺននាក់ ឬ១ម៉ឺននាក់ ចូលមកលេងកម្សាន្តជារៀងរាល់សប្ដាហ៍ ហើយនាឱកាសបុណ្យទានដែលមានថ្ងៃឈប់សម្រាកច្រើនទៀតនោះ មណ្ឌលគិរីអាចទាក់ទាញអ្នកទេសចរច្រើនសន្ធឹកសន្ធាប់រហូតផ្ទះសំណាក់ សណ្ឋគារ រីសតពេញបន្ទប់អស់តែម្ដង។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី អ្នកទេសចរកាន់តែច្រើនចូលមកទស្សនាកកម្សាន្ត ព្រោះជំងឺកូវីដ-១៩បានថមថយច្រើនខ្លាំងណាស់ ពិសេសនោះគឺក្រោមការដឹកនាំប្រកបដោយសុខសន្តិភាពរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដើរលេងកម្សាន្ត គួបផ្សំជាមួយខេត្តមណ្ឌលគិរីមានកន្លែងកម្សាន្តស្អាតៗជាច្រើន អាកាសធាតុត្រជាក់ និងជាតំបន់ប្រជុំភ្នំ ដែលទាក់ទាញខ្លាំងបំផុត។

លោកបន្ត ថា នៅក្នុងឆ្នាំ២០២២ ខេត្តមណ្ឌលគិរីក៏មានផែនការពីថ្នាក់ក្រសួងឲ្យអភិឌ្ឍន៍លើវិស័យទេសចណ៍ឲ្យកាន់តែប្រសើរជាងនេះទៀត ប៉ុន្តែគោលដៅនឹងត្រូវអភិវឌ្ឍន៍តំបន់ណាមុនគេនោះមិនទាន់ដឹងច្បាស់នោះទេ ព្រោះរង់ចាំជជែកជាមួយដៃគូវិនិយោគសិន។ លោកបន្តថា ទោះជាបច្ចុប្បន្នជំងឺកូវីដ-១៩បានធូរស្រាលហើយក្ដី ប៉ុន្តែមន្ត្រីជំនាញនៅតែមានការបារម្ភ និងនៅតែពង្រឹងវិធានការ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជួនដដែល។

សូមរម្លឹកថា កាលពីឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅ ខេត្តមណ្ឌលគិរីមានអ្នកទេសចរមកលេងយ៉ាងច្រើន ក្នុងនោះនៅថ្ងៃទី៣១ ធ្នូ ២០២១ ទេសចរដែលបានមកទស្សនាកម្សាន្តតាមគោលដៅទេសចរណ៍នានា សរុបប្រមាណ ១៨,៩៩៦នាក់ កើន៧៧,៣០%  ចំណែកនៅថ្ងៃទី០១ មករា ២០២២ មានទេសចរប្រមាណ១៩,៦៤០នាក់ឯណ្ណោះ ។

គោលដៅទេសចរណ៍ដែលភ្ញៀវនិយមទៅកម្សាន្ត មានភ្នំអណ្ដូងស្នេហ៍ ទឹកធ្លាក់លែងអងលែងឃិន ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀ សមុទ្រឈើ ភ្នំដោះក្រមុំ និងតំបន់ទេសចរណ៍ជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds