រដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្តាយយុវជនម្នាក់ដើរចោលការងាររដ្ឋ ព្រោះយល់ថា កន្លែងធ្វើការមានបក្ខពួកនិយម
បាត់ដំបង៖បើយោងតាមពាក្យស្នើសុំលាឈប់ពីការងារ លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង ។
បើតាមលោក លី ឌីនូរី ថ្លែងថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ ។
សាលាខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បា.ប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក ។
ជុំវិញលិខិតអញ្ជើញលើកទី១ នេះ ត្រូវបាន លោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖
ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ :
១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុ.ក្ខបុ.កម្នេ.ញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?
២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈកាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។
៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្ត.រាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯ.ឧ ខៀវ កញ្ញរិទ្ធ បានថ្លែងថា៖សោកស្តាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋ ព្រោះយល់ថាមានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌ដែលមានច្រើនបំផុតក្នុងលោក គឺពណ៌ប្រផេះ ។
សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និង បក្ខពួក គឺស្តើងណាស់ សំខាន់តើយើងមានជំនាញអីដែលគេត្រូវការយើងទេ ?