វៀតណាម សម្រេចផ្អាកបណ្តោះអាសន្នរថយន្តកុងតឺន័រដឹកទំនិញ ចេញទៅកាន់ចិន រហូតចូលឆ្នាំរួច

ហាណូយ៖ វៀតណាមបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរថយន្តកុងតឺន័រដឹកផ្លែឈើស្រស់សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែនខេត្តភាគខាងជើង Lao Cai និង Quang Ninh ដោយសារការកកស្ទះនៅតែបន្តនៅទីនោះ។ នេះបើយោងតាមកាសែត vietnamplus ចេញផ្សាយកាលពីថ្ងៃអង្គារ៍។

ចិនកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺកូវីដ ១៩ ច្រកទ្វារសម្រាប់នាំចេញផ្លែឈើស្រស់នៅតែមានកម្រិតតិចតួច ដោយរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីថ្ងៃទី ១២ ដល់ ១៥ មករា មានតែ ៦០ គ្រឿងប៉ុណ្ណោះ ខណៈផ្លែស្វាយ ឪឡឹក និងខ្នុរ ដែលជាប់គាំងនៅច្រកព្រំដែន Lao Cai ជាមួយច្រកព្រំដែន Kim Thanh កំពុងមានលើសបរិមាណ ហើយមិនអាចគ្រប់គ្រងបានទៀតទេ ។

ដោយឡែកខេត្ត Quang Ninh នឹង​បញ្ឈប់​ការ​ដឹក​ជញ្ជូន ​ទំនិញ​ផ្សេង​ទៀត​ដែល​ពិបាក​នឹង​រក្សា​ទុក​តាម​ច្រក​ព្រំដែន និងច្រកឆ្លងកាត់​ក្នុងទី​ក្រុង Mong Cai ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មករា ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​នឹង​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល ២ សប្តាហ៍​ខាង​មុខ ។

ការផ្អាកនេះមានគោលបំណងដោះស្រាយឲ្យបានហ្មត់ចត់ជាមួយនឹងទំនិញដែលជាប់គាំងនៅច្រកព្រំដែន និងច្រកឆ្លងកាត់ក្នុងខេត្ត Quang Ninh ត្រឹមថ្ងៃទី ៣១ ខែមករា និងដើម្បីចៀសវាងហានិភ័យនៃជំងឺរាតត្បាត ខណៈក៏បានអំពាវនាវឲ្យខេត្ត ក្រុងទូទាំងប្រទេស ជូនដំណឹងអំពីបញ្ហានេះដល់អាជីវករ បុគ្គល និងស្ថាប័នពាក់ព័ន្ធផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds