មន្ត្រី ការផ្គត់ផ្គង់ជ្រូករស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន នឹងមិនមានការខ្វះខាតនោះទេ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ សម្រាប់យកទៅលក់នៅលើទីផ្សារ នឹងមិនមានការខ្វះខាតនោះទេ ហើយតម្លៃ ក៏មិនឡើងថ្លៃពេកដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ អោយដឹងថា ការផ្គត់ផ្គង់តម្រូវការសត្វជ្រូករស់ ដើម្បីយកទៅលក់នៅលើទីផ្សារ សម្រាប់បុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ពុំមានការខ្វះខាតនោះទេ ដោយសារតែអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសមាគមអ្នកចិញ្ចឹមសត្វ ក៏ដូចជាអ្នកនាំចូលផងដែរ។
លោកបន្ថែមថា ពាក់ព័ន្ធនឹងតម្លៃសាច់ជ្រូក សម្រាប់ឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ នឹងមិនមានការឡើងថ្លៃខ្លាំង នោះដែរ។ លោកថា «ខ្ញុំគិតថា តម្លៃមិនឡើងប៉ុន្មានទេ ព្រោះយើងបានធ្វើការជាមួយគ្នា និយាយឲ្យចំទៅអនុសាសន៍ណែនាំ របស់ឯកឧត្ដមរដ្ឋមន្ត្រី យើងធ្វើការដើម្បីកសិករ ហើយក៏ដើម្បីអ្នកបរិភោគដែរ អញ្ចឹងយើងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសមាគម ជាមួយអ្នកិចិញ្ចឹមសត្វ អញ្ចឹងមិនមានអ្វី ដែលឡើងខុសប្រក្រតីទេ»។
បើតាមអគ្គនាយករូបនេះ បន្ថែមថា បច្ចុប្បន្ននេះ តម្លៃជ្រូករស់ក្នុង ១គីឡូក្រាមតម្លៃលើស ១០,០០០រៀលបន្តិចបន្តួច ទៅតាមកន្លែងផ្សេងៗគ្នា។ យ៉ាងណាក៏ដោយលោក តាន់ ផាន់ណារ៉ា បានគូសបញ្ជាក់ថា រយៈពេល ២ខែមកហើយ ដែលពុំមានការនាំចូលសត្វជ្រូករស់មកពីប្រទេសជិតខាង តែលោកថាមិនមែនជាការបិទការនាំចូល នោះទេ។
លោកបន្តថា «យើងអត់បិទទេ កុំយល់ច្រឡំពាក្យនិយាយតៗគ្នា ថា បិទនេះ វាមិនមែនបិទទេ អានេះគឺជាការងារ ដែលសមាគមចិញ្ចឹមសត្វ ខ្ញុំ អគ្គនាយកដ្ឋាន ហើយនិងអ្នកនាំចូល យើងធ្វើការជាមួយគ្នា អញ្ចឹងយើងពិភាក្សាគ្នាទៅយើងឃើញថា ការផ្គត់ផ្គង់របស់យើងហ្នឹង វាគ្រប់គ្រាន់ហើយ អញ្ចឹងយើងអត់នាំចូល ចឹងបានក្រុមនាំចូល គាត់អត់នាំចូល ប៉ុន្តែយើងអត់មាននិយាយជាមួយប្រទេសគេ ថាយើងបិទ យើងអីទេ កុំយល់ច្រឡំរឿងហ្នឹង»៕