លោក ជិន ម៉ា​លីន ចាត់ទុក​របាយការណ៍ HRW មិនមាន​អ្វី​ចម្លែក ហើយ​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ

ភ្នំពេញ៖ បន្ទាប់ពីអង្គការ Human Rights Watch ( HRW )បានចេញ​ផ្សាយ​របាយការណ៍​របស់ខ្លួន ដោយ​ធ្វើការ​រិៈ​គន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ​ធ្ងន់ធ្ងរ ប៉ុន្តែលោក ជិន ម៉ា​លីន បានចាត់ទុក​របាយការណ៍ ​ដែល​បានចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​២០២១ ថា មិនមាន​អ្វី​ចម្លែក ហើយ​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ ក្នុងន័យ​គំនុំ​គួ​ន និង​ស្អប់ខ្ពើម​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​។

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាងថា “​អត់​មានអី​ចម្លែក​ទេ អ្នកណា​ក៏​ដឹង​ដែរ​ថា Human Rights Watch ធ្វើការ​រាយការណ៍ រិះគន់​រដ្ឋាភិបាល​ក្នុង​ចេតនា​នយោបាយ និង​ស្អប់ខ្ពើម​កន្លងមក ដូច្នេះ​អត់​មានអី​ចម្លែក​នោះទេ​”​។

លោក ជិន ម៉ា​លីន ថា របាយ​ការ​ណ៍​នេះ ក៏​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែរ​។ របាយ​ការ​ណ៍​នេះ​អត់​មាន​ពិនិត្យ​ទៅលើ​សកម្មជន​ទាំងអស់នោះ ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ដែរ ឬក៏​អត់ ហើយ​សមត្ថកិច្ច​មាន​មូលដ្ឋាន​អ្វីខ្លះ ដើម្បី​ធ្វើការ​ចោទប្រកាន់ និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ ? គេ​អត់​ខ្វល់​ទេ ដូច្នេះ​របាយការណ៍​នេះ​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់​គ្រប់គ្រាន់​នោះទេ​។

ចំពោះ​ការអនុវត្ត​ច្បាប់ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ លោក ជិន ម៉ា​លីន អះអាងថា ការចោទប្រកាន់​នេះ រឹតតែ​អត់​ត្រឹមត្រូវ​ទៀត ហើយ​មាន​ស្តង់ដារ​ពីរ​។ ដោយសារតែ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​គេ​អនុវត្ត​តឹងរឹង ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៅទៀត ហើយ​គេ​អនុវត្តន៍​អ្វី​ដូចជា​កម្ពុជា​ដែរ ប៉ុន្តែ​អង្គការ​មួយ​នេះ​មិន​រិះគន់ បែរជា​មក​រិះគន់​កម្ពុ​ជា​ទៅវិញ​។ ដូច្នេះ​បញ្ជាក់ថា របាយការណ៍​នេះ​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​ស្តង់ដារ​ពីរ និង​ក្នុង​គោលដៅ​មួយ​បន្តុះបង្អាប់ ក្នុងនៃ​គំនុំគុំកួន និង​ស្អប់ខ្ពើម​កម្ពុជា​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​១៣ ខែមករា កន្លងទៅ​ថ្មីៗ​នេះ អង្គការ H R W បានចេញ​ផ្សាយ​របាយការណ៍​របស់ខ្លួន ដោយ​ធ្វើការ​រិៈ​គន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ​ធ្ងន់ធ្ងរ ដោយសារ​រដ្ឋាភិបាល​បាន​បង្ក្រាប​លើ​អ្នកនយោបាយ​ប្រឆាំង សកម្មជន​សង្គម បរិស្ថាន រួមទាំង​បញ្ហា​និ​ណ្ឌ​ភាព ការបង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិមនុស្ស​ជាដើម​។ មិនតែប៉ុណ្ណោះ របាយ​ការ​ណ៏ ក៏បាន​វាយប្រហារ​ធ្ងន់ៗ​ទាក់ទង​សកម្មភាព ក៏ដូចជា​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds