ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាទន្ទ្រានយកដីក្នុងតំបន់អភិរក្ស
តាកែវ ៖ មន្ត្រីជាន់ខ្ពស់ពាក្យក្រសួងបរិស្ថាន បានធ្វើការព្រមានថា ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលរំលោភបំពាន ទន្ទ្រានយកដីដោយខុសច្បាប់នៅតំបន់អភិរក្សពិសេសតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
ថ្លែងអំឡុងពេលដំណើរទស្សនកិច្ច នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅកាលពីថ្ងៃទី១៦មករា លោក នេត្រ ភក្ត្រា បានអោយដឹងថា គ្មានជនណាម្នាក់មានសិទ្ធិ ទិញលក់ដូរដីក្នុងតំបន់អភិរក្សបានឡើយ ហើយក្រសួង បរិស្ថានបដិសេធទទួលស្គាល់នូវលិខិតទិញដូរខុសច្បាប់ទាំងអស់។
លោកបន្តថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន ១៣៨ ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ។
លោកថា «យើងត្រូវចូលរួមបន្តទៀតក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់នេះ ដោយក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងធ្វើការជាមួយក្រសួងស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធក្នុងការរៀបចំផែនការគ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការចុះបញ្ជីដីរដ្ឋ រៀបចំហេដ្ឋានរចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ធម្មជាតិ ជាដើម ក្នុងគោលបំណងដើម្បីធានាដល់និរន្តរភាពនៃការអភិរក្ស ការប្រើប្រាស់ដោយឈ្លាសវៃនូវតំបន់ដីសើម សម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ»។
លោក នេត្រ ភក្ត្រា ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបាននិងកំពុងអនុវត្តសកម្មភាពសំខាន់ៗចំនួន ៤ គឺការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។
ជាមួយគ្នានេះដែរក្រសួងបរិស្ថាន និងអង្គការដៃគូ បានសាងសង់ស្នាក់ការរងចំនួន១កន្លែងសម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ១៦ហិកតា ដើម្បីរក្សារទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល ព្រមទាំងបានធ្វើការដាំព្រៃលិចទឹកទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ២៥ ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។
លោកបាននបន្តថា ជាមួយគ្នាក៏បានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់បញ្ឈប់ការបរបាញ់សត្វ និងរុករានព្រៃនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ បន្ថែមពីនេះ ក៏មានការអប់រំផ្សព្វផ្សាយ និងសិក្សាវាយតម្លៃលើសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្រ្តនៅតំបន់នោះ។
លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដោយសារកិច្ចខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទើបធ្វើឱ្យតំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួនជាង១០០ក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៅទៀត យើងឃើញមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ៕