ចូលរួមរំលែកទុក្ខ!! តារាចម្រៀង និងតួឯកប្រុសរឿង «ច័ន្ទបុប្ផាចំប៉ារង្សី» ឆ្នាំ១៩៦៩ ទទួលមរណភាពហើយ….
លោក ไวพจน์ เพชรสุพรรณ (Waiphot Phetsuphan) ត្រូវបានមហាជនកម្ពុជាមួយចំនួនស្គាល់ថា ជាតារាចម្រៀង និងតារាភាពយន្ដជើងចាស់របស់ប្រទេសថៃមួយរូប ដែលលោកធ្លាប់បានបង្ហាញមុខជាតួឯកប្រុសតាមរយៈភាពយន្ដខ្នាតធំរឿង «ថៃណយ» និងមានចំណងជើងជាភាសាខ្មែរថា «ច័ន្ទបុប្ផាចំប៉ារង្សី» បានមរ ណភា ពក្នុងវ័យ៧៩ឆ្នាំនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
តាមការអះអាងរបស់ក្រុមស្រាវជ្រាវភាពយន្ដចាស់ និងចម្រៀងមរតកដើម Amazing Cambodia បានបញ្ជាក់ឱ្យឃើញថា ភាពយន្ដរបស់តារាចម្រៀងប្រុសខាងលើនេះ ធ្លាប់បានដាក់បញ្ចាំងនៅប្រទេសកម្ពុជា នៅអំឡុងឆ្នាំ១៩៦៩ ដែលភាពយន្ដនោះមានការគាំទ្រយ៉ាងល្បីរន្ទឺទាំងពីរប្រទេសនេះតែម្ដង។ ក្រៅពីភាពយន្ដចាស់របស់លោកដែលត្រូវបានរកឃើញថាមានបញ្ចាំងនៅប្រទេសកម្ពុជាហើយនោះ នៅក្នុងនោះក៏មានបទចម្រៀងរបស់លោកដែលមានចំណងជើងថា «សារ៉ាវ៉ាន់រាំវង់» ថាសចម្រៀងឆ្នាំ១៩៦៩ ក៏មានបកប្រែសម្រួលជាបទចម្រៀងខ្មែរ នៅក្នុងឆ្នាំ១៩៧៣ ដែលបទទាំងពីរនេះនៅតែជាទីពេញនិយមសម្រាប់អ្នកគាំទ្ររហូតមកទល់សព្វថ្ងៃនេះ។
ដំណឹងមរ ណភា ពលោក Waiphot Phetsuphan ត្រូវបានសារព័ត៌មានថៃផ្សព្វផ្សាយឱ្យដឹងថា លោកមានជំងឺប្រចាំកាយ ដែលធ្លាក់ក្នុងសភាពធ្ងន់ធ្ងរអស់រយៈពេល២ខែមកហើយ និងបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រហូតដល់លោកមរណភាពនៅថ្ងៃម្សិលមិញនេះ។ អ្នកគាំទ្រ និងប្រជាជនថៃ មានក្ដីអាល័យចំពោះដំណឹងមរ ណភា ពរបស់តារាចម្រៀងរូបនេះយ៉ាងក្រៀមក្រំ និងបានឧទ្ទិសកុសលបុណ្យឱ្យលោកទៅកាន់សុគតិភពផងដែរ៕