WHO អនុម័តការព្យាបាលកូវីដ១៩ ថ្មីចំនួនពីរ ដើម្បីទប់ទល់នឹងការឈឺធ្ងន់ធ្ងរនិងស្លាប់
បរទេស ៖ នៅថ្ងៃសុក្រទី១៤មករានេះ WHOបានអនុម័តការព្យាបាលកូវីដ១៩ ថ្មីចំនួនពីរ ដោយបង្កើនភាពសុំាជាមួយនឹងវ៉ាក់សាំងដើម្បីទប់ទល់នឹងការឈឺធ្ងន់ធ្ងរនិងការស្លាប់ដោយសារវីរុសកូរ៉ូណា។ ការអនុម័តនេះក្រោយពីអូមីក្រុងបានវាយលុកពិភពលោក ដោយ WHOព្យាករណ៍ថាពាក់កណ្តាលនៃទ្វីបអឺរ៉ុបនឹងឆ្លងកូវីដនៅខែមីនា។
អ្នកជំនាញរបស់ WHO បាននិយាយថាថ្នាំ Baricitinib របស់ក្រុមហ៊ុន Eli Lilly ដែលប្រើជាមួយថ្នាំ Corticosteroids ដើម្បីព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរឬរ៉ាំរ៉ៃ បាននាំឱ្យអត្រារស់រានមានជីវិតមានភាពប្រសើរជាងមុន និងកាត់បន្ថយតម្រូវការសម្រាប់ឧបករណ៍ដកដង្ហើម។
អ្នកជំនាញក៏បានណែនាំផងដែរនូវការព្យាបាលអង្គបដិប្រាណសំយោគ គឺថ្នាំ Sotrovimab ផលិតដោយក្រុមហ៊ុន GlaxoSmithKline និង Vir Biotechnologyសម្រាប់អ្នកដែលមានកូវីដ១៩មិនធ្ងន់ធ្ងរ តែប្រឈមហានិភ័យខ្ពស់បំផុតនៃការសម្រាកនៅមន្ទីរពេទ្យ ដូចជាមនុស្សចាស់ អ្នកខ្សោយភាពស៊ាំ ឬអ្នកជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែម។
អត្ថប្រយោជន៍របស់ថ្នាំ Sotrovimab សម្រាប់មនុស្សដែលមិនមានហានិភ័យនៃការចូលដេកមន្ទីរពេទ្យ ត្រូវបានចាត់ទុកថាមិនសំខាន់ ហើយ WHOបាននិយាយថាប្រសិទ្ធភាពរបស់វាប្រឆាំងនឹងមេរោគអូមីក្រុងនៅតែមិនដឹងប្រាកដនៅឡើយ៕