ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេរវាង​កម្ពុជា និង​ជប៉ុន ​សម្រេច​ក្នុង​ទឹកប្រាក់​ជាង $១ ៧០០លាន

ភ្នំពេញ៖ ក្នុង​ឆ្នាំ​ ២០២១ កន្លងមកទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង $១ ៧០០ ​លាន កើនឡើង ០,៤៩ ​%​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន $១ ៦៩២ ​លាន​ ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​​បានបង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ការនាំ​ចេញទៅ​ប្រទេស​ជប៉ុន​មាន​ទឹកប្រាក់​សរុប $១ ០៩៤ ​លាន កើន ៣,៦១ ​% ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានទឹក​ប្រាក់​ជាង $៦០៧ ​លាន​ ថយចុះ ៤,៦៨ %បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាលោក លឹម ហេង ​បានអោយដឹងថា ថ្វីដ្បិតតែ​កំណើន​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​នៅក្នុង​ឆ្នាំ​ ២០២១ បាន​កើន​តិចតួច ប៉ុន្តែ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នៅតែមាន​ចំនួន​ច្រើន​គួរឱ្យ​កត់សម្គាល់​។ សព្វថ្ងៃនេះ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​កំពុង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​ខេត្តកោះកុង ដោយបាន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ ដូចនេះ នៅពេលដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ជប៉ុន ទំនាក់ទំនង​​ការទូត និង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នឹង​កាន់​តែមាន​ទំហំ​កាន់តែ​ធំ​ឡើង​បន្ថែមទៀត​។

លោក ថា​៖ «​កន្លងទៅ​មាន​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ធ្លាប់បាន​លើកឡើងថា ជប៉ុន​បូក​មួយ​ដែល​ឃ្លា​នេះ​មានន័យថា បើសិន​មាន​ក្រុមហ៊ុន​ជប៉ុន​បើក​នៅ​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម​ហើយ​នោះ គេ​នឹង​បង្កើត​មួយទៀត​នៅ​កម្ពុជា​»​។

លោក​បន្តថា មាន​កត្តា​អំណោយផល​ជាច្រើន​ដែល​កំពុង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​ដូចជា ច្បាប់​វិនិយោគ​ថ្មី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់​, ភាពអនុគ្រោះ​ពន្ធ​ផ្សេងៗ​ពី​ដៃគូ​អន្តរជាតិ​នានា​នឹង​ធ្វើឱ្យ​កម្ពុជា​ទទួល​មាន​កំណើន​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេងទៀត ជា​បន្តបន្ទាប់​។

វិនិយោគិន​ជប៉ុន​ភាគច្រើន​បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ជាពិសេស​វិស័យ​លក់រាយ ផ្សារ​ទំនើប វិស័យ​សេវាកម្ម និង​វិស័យ​ភោជនីយដ្ឋាន​ជាដើម​។

បើតាម​ក្រសួងពាណិជ្ជកម្ម ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​មានដូចជា​ស្បែកជើង សម្លៀកបំពាក់ និង គ្រឿង​បង្គុំ ម៉ាស៊ីន​អគ្គិសនី ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក គ្រឿង​បរិក្ខារ​សម្រាប់​លំនៅឋាន និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds