ត្រីផ្សោត តំបន់ទេសចរណ៍ព្រះរំកិល កន្ទុយវាជាប់មង៤ ថ្ងៃ មិនទាន់អាចជួយសង្គ្រោះបាន
ភ្នំពេញ៖ ត្រីផ្សោតដែលរស់នៅ ក្នុងអន្លង់ឈើទាល តំបន់ទេសចរណ៍ព្រះរំកិល កន្ទុយវាជាប់មងអស់រយៈពេល ៤ ថ្ងៃមកហើយ រហូតមកដល់ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២២ ក្រុមអ្នកសង្គ្រោះ មិនទាន់អាចជួយសង្គ្រោះបាននៅឡើយទេ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
លោក ដន បាន់ មន្ត្រីឆ្មាំទន្លេបានឲ្យដឹងថា ត្រីផ្សោតមួយក្បាលនេះ កន្ទុយវាបានជាប់មងតាំងពីថ្ងៃទី ៦ ខែមករា រហូតមកដល់ពេលនេះ ប្រជាសហគមន៍ រួមជាមួយឆ្នាំទន្លេ និងភាគគីឡាវ រួមនិងមន្ត្រីពាក់ព័ន្ធ បានសហការគ្នាចុះរុករក ដែលកន្ទុយរបស់វាជាប់មកបន្លាយវែងដែលវាអាចបង្កឱ្យទាក់ជាប់ឈើ ឬថ្មនៅក្នុងបាតទន្លេប្រឈម នឹងការស្លាប់បើជួយសង្គ្រោះមិនបាន។
លោកថា ប្រសិនមិនអាចសង្គ្រោះ ដោះមងចេញពីកន្ទុយវាបានទេ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារតែវាមិនអាចចាប់ចំណីបាន សម្រាប់ទ្រទ្រង់រាងកាយវាបានយូរប៉ុណ្ណាទៀតនោះទេ។
លោក ផយ វណ្ណា ប្រធានសហគមន៍ទេសចរណ៍ព្រះរំកិលក៏បានឱ្យដឹងដែរថា នៅថ្ងៃទី ១០ មករានេះ ត្រីផ្សោតមួយក្បាលយើងឃើញវាហែល តែយើងគ្មានវិធីទៅជិតជួយបានវាផ្អើល ប្រជាសហគមន៍រួមជាមួយមន្ត្រីឆ្មាំទន្លេ កំពុងស្វែងរកដំណោះស្រាយ ដើម្បីសង្គ្រោះជីវិតត្រីផ្សោតមួយក្បាលនេះបន្តទៀត ក្រែងអាចជួយសង្គ្រោះរស់រានមានជីវិតវិញ។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះ លោកតែងតែបានផ្សព្វផ្សាយ ក៏ដូចជាអប់រំដល់ប្រជានេសាទនៅតំបន់នោះ ឲ្យនាំគ្នាជួយអភិរក្ស និងបញ្ឈប់ការដាក់មង នៅតាមតំបន់ហាមឃាត់ តែនេះដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់ផ្សោត ចេះតែលួចដាក់មង ដោយមិនគិតពីផលប៉ះពាល់ដល់ត្រីផ្សោតនៅអន្លង់ នៃទឹកដីជាប់គ្នា។
លោកបន្តថា បញ្ហាប្រឈមនេះលោកបានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ WWS ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះឲ្យរួចផុត ពីបញ្ហាប្រឈម ដែលបច្ចុប្បន្ន កន្ទុយកំពុងជាប់មង ជាក្តីបារម្ភមួយ និងជាគ្រោះថ្នាក់យ៉ាងធំ ដែលធ្វើឱ្យបាត់បង់ ត្រីផ្សោតនៅតំបន់នោះតែម្ដង៕