ស្រក់ទឹកភ្នែកទៀតហើយ!! នាង គន្ធា ពោលយ៉ាងរំជួលចិត្តពេលត្រឡប់មកវិញតែម្នាក់ឯង គ្មានវត្តមានបងប្រុសនៅក្បែរដូចមុន
គិតមកដល់ពេលនេះ មានរយៈពេលជាងកន្លះខែមកហើយ ដែល តារាចម្រៀងស្រីវ័យក្មេង នាង គន្ធា បានបាត់បង់បងប្រុសជាទីស្រឡាញ់ គឺ លោក នាង ប្រាក់សុគន្ធ ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់តែមួយប៉ប្រិចភ្នែក កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ បន្សល់នូវទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ។
យ៉ាងណាមិញ ទោះបីជាការចាកចេញគ្មានថ្ងៃត្រឡប់របស់បងប្រុស តារាចម្រៀងស្រីរូបនេះ មានរយៈជាច្រើនថ្ងៃកន្លងទៅហើយមែន ប៉ុន្តែនៅតែធ្វើឱ្យមហាជន ក៏ដូចជាសិល្បករ-ការិនីជាច្រើន មានការសោកស្ដាយ និង មានក្ដីអាល័យជាពន់ពេក។ ជាពិសេស នាង គន្ធា ដែលជាប្អូនស្រី ពិតជាមានសេចក្ដីទុក្ខសោក និង សែនស្រណោះស្រណោកខ្លាំងចំពោះបងប្រុស ដែលជារឿយៗតែងបង្ហោះសាររំជួលចិត្ត បង្ហាញពីចិត្តនឹករឮកជាបន្តបន្ទាប់។
ជាក់ស្ដែងថ្មីៗនេះ ក្រោយពីបងប្រុសបានលាចាកលោក និងបានធ្វើការកាន់ទុក្ខមួយរយៈនៅឯស្រុកកំណើត ពេលនេះ នាង គន្ធា ក៏បានត្រឡប់មកភ្នំពេញវិញ ដើម្បីបន្តធ្វើការងារក្នុងវិស័យសិល្បៈចម្រៀងរបស់នាងវិញ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំជួលចិត្តខ្លាំងនោះ គឺក្រោយពីនាងបានបង្ហោះសារប៉ុន្មានឃ្លា បង្ហាញពីអារម្មណ៍ឯកានៃការវិលត្រឡប់មកវិញលើកនេះ លែងមានបងប្រុសនៅក្បែរនាងទៀតហើយ។
សារនោះ នាង គន្ធា បានសរសេររៀបរាប់ថា ៖ «ត្រឡប់មកលើកនេះ ទោះបីម្នាក់ឯងគ្មានបង តែខ្ញុំនៅតែគិតថាបងនៅតែនៅពីក្រោយខ្ញុំជានិច្ច I miss you so much dear brother»។ ក្រោយពីបានឃើញការបង្ហោះរបស់ នាង គន្ធា បែបនេះ ពិតជាធ្វើឱ្យមហាជនកាន់តែមានសេចក្ដីស្រណោះខ្លាំងចំពោះបងប្រុសរបស់នាង និងកើតក្ដីអាសូរដល់រូបនាង ដែលបាននាំគ្នាធ្វើការខមមិនជួយផ្ដល់កម្លាំងចិត្តឱ្យនាងគ្រប់គ្នាផងដែរ៕