ជួយស៊ែរតៗគ្នាផង!! កម្ពុជា ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ ដល់អ្នកធ្វើការជួរមុខហើយ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ បានជូនដំណឹងសម្រាប់ព័ត៌មានស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យ (ទាំងរដ្ឋ និង ឯកជន) មន្រ្តីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច។
សម្រាប់ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និង សមាជិក សមាជិកានៃសមាគមសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី ៤ ខែឡើង សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និង ពេលវេលា ដូចមានចែងលើសេចក្តីប្រកាស។
ចំពោះឯកសារភ្ជាប់ជាមួយពេលទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ រួមមាន៖
• បណ្ណ័ចាក់វ៉ាក់សាំងកូវីដ-១៩
• បណ្ណ័សម្គាល់ខ្លួនមន្រ្តីរាជការ ឬ បណ្ណ័សម្គាល់មន្រ្តីជាប់កិច្ចសន្យា (ចំពោះមន្រ្តីរាជការ ឬ មន្រ្តីជាប់កិច្ចសន្យា)
• អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាកសាំងដូសទី ១៕