កម្ពុជាប្រកាសរកឃើញកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងលើកដំបូង ជាករណីឆ្លងក្នុងសហគមន៍
ភ្នំពេញ៖ កម្ពុជាប្រកាសរកឃើញកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងលើបុរស់ម្នាក់ គឺជាករណីឆ្លងក្នុងសហគមន៍។ នេះបើយោងតាមសេចក្តីប្រកាលព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នេះ។
នៅក្នុងសេចក្តីប្រកាស បានអោយដឹងថា ករណីវិជ្ជមានកូវីដ១៩ អូមីក្រុង ឆ្លងក្នុងសហគមន៍នេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកេវ រាជធានីភ្នំពេញ។ បុរសរូបនេះ បានទៅកំដរអ្នកជំងឺ ដែលជាបងប្អូនជីដូនមួយ នៅមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះ បានយកវត្ថុសំណាករបស់គាត់ ទៅពិនិត្យ នៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអូឡាំពិក រាជធានីភ្នំពេញ។
សេចក្តីប្រកាស ដដែលបន្ថែមថា តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំនើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួន នៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូចមួយមកពីប្រទេសអូស្ត្រាលី មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺ ដែលជាបងប្អូនជីដូនមួយ នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ អូមីក្រុង។
ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង៣កុំ” និងចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលដល់វេនលោកអ្នក ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមសហគមន៍របស់យើង។
សូមរម្លឹកថា ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង សរុបចំនួន ១៥០នាក់ហើយ តែសុទ្ធសឹងជាអ្នកដំណើរមកពីក្រៅប្រទេស៕