សមត្ថកិច្ច បញ្ជូនបុរសជាប់ចោទទៅតុលាការ ករណីក្លែងឯកសារសាធារណៈ

ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានបញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនតាមដីកា ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសជាច្រើនករណី។

បើតាមតាមរបាយការណ៍របស់សមត្ថកិច្ច គឺជនសង្ស័យនេះមានឈ្មោះ ភ័ណ្ឌ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសក្លែងឯកសារ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប្រព្រឹត្ដិកាលពីអំឡុង ខែតុលា ឆ្នាំ២០១៨ នៅចំណុច ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

ជនសង្ស័យឈ្មោះ ភ័ណ្ឌ សុភ័ក្រ ស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង ប្លង់ សុផល មុនពេលសម្រេចចោទប្រកាន់ និងបញ្ជូនខ្លួនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds