តុលាការចេញដីកា ចាប់ខ្លួនផ្កាយ១ស្រេង សុខា អតីតស្នងការរងខេត្តកណ្ដាល
កណ្ដាល ៖ អតីតស្នងការរង នគរបាលខេត្តកណ្តាល លោកផ្កាយ១ ស្រេង សុខា បច្ចុប្បន្នទៅបម្រើការងារនៅក្រសួងមហាផ្ទៃ ត្រូវបាន តុលាការខេត្តកណ្ដាលចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់ កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល ។
ដីកានេះ បានចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានផ្សព្វផ្សាយដោយបណ្ដាញព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។ ស្រេង សុខា ហៅទ្រី មានឋានៈជាជនជាប់ចោទ ។
សូមជម្រាបថា ស្រេង សុខា ហៅទ្រីនេះ ជាអតីតស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានថ្នាក់ដឹកនាំដកតំណែង និងប្តូរទៅបម្រើការងារក្រសួងមហាផ្ទៃ ក្រោយមានរឿងអាស្រូវនិងកំហុសជាច្រើន ដូចជាការសំញ៉ែងទ្រព្យសម្បត្តិ ពេលដណ្តឹងប្រពន្ធនៅអ្នកលឿង រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)កោះហៅទៅសាកសួរ ហើយលោកស្រេង សុខា ឆ្លើយថា ចិញ្ចៀនពេជ្រនិងខ្សែក្រវ៉ាត់ពេជ្រនោះ ក្លែងក្លាយប៉ុណ្ណោះ ហើយលុយមានច្រើន ដោយសារការរកស៊ីដីធ្លីប៉ុណ្ណោះ និង រឿងអាស្រូវ ហ៊ានហែកដីកា ដែលបិទនៅក្លោងទ្វារផ្ទះសំណាក់របស់ខ្លួន ខណៈសមត្ថកិច្ចបង្ក្រាបករណីថ្នាំញៀន ក្នុងផ្ទះសំណាក់នេះ និងហ៊ាន យកឈ្មោះអតីតចៅហ្វាយខេត្តកណ្ដាល ម៉ៅ ភិរុណ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់ស៊ីញ៉េដីមិនស្របច្បាប់ជាដើម ។ ប៉ុន្តែទោះមានរឿងរ៉ាវបែបនេះក៏ដោយ ក៏ផ្កាយ១ ស្រេង សុខារូបនេះ ពុំត្រូវបានរងទោសទណ្ឌនៅឡើយនោះទេ ។