អស្ចារ្យមែន! ខេមរៈ សិរីមន្ត រំភើបចិត្តក្រៃលែង បានទទួលគ្រឿងឥស្សរិយយសមួយនេះ ពីអនាគតនាយករដ្ឋមន្ត្រីផ្ទាល់ (មានវីដេអូ)
ជាការកត់សម្គាល់ ក្នុងអាជីពចម្រៀងជាង១០ឆ្នាំនេះ លោកប៊ុនថៃ ហៅសិរីមន្ដ បានចេញច្រៀងសម្ដែងជាច្រើនលើកច្រើនសាក្នុងកម្មវិធីសប្បុរសធម៌មួយចំនួន ហើយក៏បានធ្វើការបរិច្ចាគថវិកាជាបន្ដបន្ទាប់ទៅតាមលទ្ធភាពផងដែរ។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ស្របពេលកំពុងតែជោគជ័យលើវិស័យអចលនទ្រព្យនោះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឧបត្ថម្ភថវិកាចំនួន២,០០០,០០០$(២លានដុល្លារ)សម្រាប់ស្ថាបនាផ្លូវប្រវែង២២គីឡូម៉ែត្រ និងកាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតនៅភូមិអូអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយមក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែកំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាម និងធ្លាប់មានប្រវត្តិដ៏កម្សត់រូបនេះ បានបង្ហាញក្ដីរំភើបយ៉ាងក្រៃលែង ក្រោយទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់(មហាសិរីវឌ្ឍន៍)នោះ។
បង្ហោះភ្ជាប់ជាមួយរូបថតមួយសន្លឹកជាមួយឯកឧត្តម ហ៊ុន ម៉ាណែត, លោកខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍ដូច្នេះថា «ខ្ញុំបាទពិតជាមានក្តីរីករាយយ៉ាងក្រៃលែងដែលខ្ញុំបាទទទួលបានការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់(មហាសិរីវឌ្ឍន៍) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១»។
គេសង្ឃឹមយ៉ាងមុតមាំថា ការទទួលបានគ្រឿងឥស្សរិយយសនេះ រឹតតែធ្វើឲ្យលោកខេមរៈ សិរីមន្ដ មានទឹកចិត្តមុតមាំថែមទៀតក្នុងការចូលរួមធ្វើកិច្ចការងារសង្គមក៍ដូចជាកម្មវិធីសប្បុរសធម៌ដើម្បីជួយជាតិនោះ៕