រដ្ឋធានី​ហា​ណូយ ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​ដំបូង​បង្អស់​របស់​វៀតណាម​ ប្រឈម​បញ្ហា​ក្សត់​អ្នកដំណើរ

វៀតណាម​ចំណាយ​ពេល​១០​ឆ្នាំដើម្បី​ស្ថាបនាខ្សែ​រថភ្លើង​ ​Cat Linh-Ha Dong នៅ​ក្នុង​រដ្ឋ​ធានី​ហាណូយ​ ដែល​ជាខ្សែ​រថភ្លើង​ក្នុងក្រុង​ដំបូង​គេបង្អស់​ និង​បាន​ដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា​ កន្លងទៅនេះ​។

បើ​ទោះ​គម្រោង​ខ្សែ​រថភ្លើង​នេះ ​ទទួល​បានមតិ​វិជ្ជ​មាន​មួយចំនួន​ក៏ដោយ​ ​ក៏​នៅ​មាន​ការ​ចោទសួរ​មួយ​ចំនួន​ទៅ​លើគុណ​តម្លៃ​នៃ​គម្រោង​ដ៏​ចម្រូង​ចម្រាស​មួយនេះ​ផងដែរ។

ខ្សែ​រថភ្លើងនេះ​ មាន​ចម្ងាយ​ ១៣​ គីឡូម៉ែត្រ​ មាន​ស្ថានីយ​ចំណត​១២​កន្លែង​ ដឹកអ្នក​ដំណើរ​ចាប់​ពីស្ថានីយ​រថភ្លើង​ Cat Linh ដែលស្ថិត​នៅ​ភាគ​កណ្តាល​ឈាង​ខាង​ជើង​ទីក្រុង​ហាណូយ និង​ចប់​ត្រឹម​ចំណត​រថយន្ត​ក្រុង​ Yen Nghia នៅភាគ​និរតី​សង្កាត់​ Ha Dong។ រថភ្លើង​នេះ​ អាច​រត់ក្នុង​ល្បឿន​រហូត​ដល់​៨០គីឡូ​ម៉ែត្រ​ក្នុងមួយ​ម៉ោង​ និង​ប្រើ​ពេល​ប្រហែល​២៤​នាទី​ ព្រមទាំង​អាច​សម្រួល​ដឹកអ្នក​ដំណើរ​ទៅមក​ប្រហែល​១លាន​នាក់ក្នុង​មួយ​ថ្ងៃ។

ខ្សែ​រថភ្លើង​នេះ​ ត្រូវ​បាន​គេរំពឹងថា ​នឹង​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ ​និង​កាត់​បន្ថយ​ការប្រើប្រាស់​យានយន្ត​ឯកជន​នៅ​ក្នុង​ទីក្រុងហាណូយ។

ព​ល​រដ្ឋ​ក្នុង​រដ្ឋធានី​ហា​ណូយ​ បង្ហាញ​ក្តី​រំពឹង​លើ​គុណភាព​នៃសេវា​រថភ្លើង​នេះ​។ មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​មួយរូប​ដែលសុំមិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា​ បើ​ទោះជា​អ្នកស្រី​មិន​ទាន់​អាច​ធ្វើ​ដំណើរ​តាមខ្សែ​រថភ្លើងនេះ​ទៅធ្វើ​ការ​បាន​នៅ​ឡើយ​ក៏ដោយ ក៏​អ្នកស្រី​សង្ឃឹម​ថា ខ្សែ​រថភ្លើងនេះ នឹង​អាច​កាត់បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ ចំណេញ​ពេល​វេលា និងកាត់​បន្ថយភាព​តប់​ប្រមល់​ និង​សម្ពាធ​ពីការ​ធ្វើ​ដំណើរ​ផងដែរ​។

នៅពេលទើប​បើកឱ្យ​ធ្វើ​ដំណើរ​សាកល្បង​ដោយ​ឥតគិត​ថ្លៃ​រយៈពេល​២សប្តាហ៍​កន្លង​មក ​កាលពី​ខែមុន​នេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀត​ណាម​បាន​ផ្សព្វ​ផ្សាយ​ថា​ ខ្សែ​រថភ្លើង​មួយ​នេះ ​ប្រឈម​នឹង​បញ្ហា​ក្សត់អ្នក​ដំណើរ​ទៅ​វិញ​។ យោងតាម​របាយការណ៍​នៃការ​លក់​សំបុត្រ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃដំបូង​បញ្ជាក់​ថា អ្នក​ធ្វើដំណើរ​តាមខ្សែ​រថភ្លើង​នេះ ​នៅមាន​ចំនួន​តិចតួច​នៅ​ឡើយ​ គឺ​ប្រហែល​ ១២.០០០​ នាក់​ក្នុងមួយ​ថ្ងៃប៉ុណ្ណោះ​ ឬមាន​អ្នកជិះ​ប្រហែល​ត្រឹមតែ​៦០នាក់​ក្នុង​ពេល​រត់មួយ​ជើងៗ​ គឺមាន​ន័យថា ​វាប្រើ​អស់​តែ៨​ភាគរយ​នៃ​រថភ្លើង​ទាំងមូល​ប៉ុណ្ណោះ។ ការណ៍​នេះ ​បាន​បង្កក្តី​បារម្ភ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ដែល​ជាម្ចាស់​គ្រប់គ្រង​លើ​គម្រោង​នេះ​ ជា​ពិសេស ​ស្រប​ពេល​ដែល​គម្រោង​ខ្សែ​រថភ្លើង​មួយ​នេះ​ កំពុង​មានភាព​ចម្រូង​ចម្រាស​ ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​ពេល​គម្រោង​ និង​ការ​ចំណាយ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​។

ក្នុងឆ្នាំ​២០០៨ ​គម្រោង​នេះ​ ប្រើប្រាស់​ថវិកា​វិនិយោគ​ដំណាក់កាល​ដំបូង​សរុប​អស់​៥៥២,៨ លាន​ដុល្លារ។ ប៉ុន្តែ​គិត​ត្រឹមឆ្នាំ២០១៧​ តួលេខ​ថវិកាចំណាយ​បាន​កើនដល់​ប្រមាណ​៨៦៨​លានដុល្លារ។ នេះ​ បើគិត​តាម​អត្រាប្តូរ​ប្រាក់​ក្នុងពេល​នោះ៕

ដោយ៖ផែនរ៉ាញ់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds