លោកស្រី អោង សានស៊ូជី បានចាកចេញពីកម្ពុជាហើយ ក្រោយពេលបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ

(ភ្នំពេញ)៖ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

លោកស្រី អោង សានស៊ូជី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ខណៈមកដល់ប្រទេសកម្ពុជា លោកស្រីបានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រមទាំងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រៅពីនោះ លោកស្រីបានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយបន្តចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។ល់ព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ។

នៅយប់ថ្ងៃម្សិលមិញនេះ លោកស្រី ក៏បានចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថែមទៀត។

នៅថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ច លោកស្រី អោង សានស៊ូជី ទៅទស្សនានៅប្រសាទមួយចំនួនរបស់ខ្មែរ នៅលើទឹកដីអង្គរខេត្តសៀមរាប មុននឹងបញ្ចប់ទស្សនកិច្ច។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី នៅកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds