រថយន្តដឹកផ្លែឈើវៀតណាម រាប់ពាន់គ្រឿងជាប់នៅព្រំដែន ចិន កំពុងភ័យស្អុយរលួយ
រថយន្តដឹកផលិតផលកសិកម្មរបស់វៀតណាមជិត ៥,០០០ គ្រឿងដែលត្រូវនាំចេញទៅ ប្រទេសចិនបានជាប់គាំងនៅ ច្រកព្រំដែនចំនួន ៣ នៅ ភាគខាងជើងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
យោងតាមស្ថិតិពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Lang Son បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅ រ៍ រថយន្តដឹកទំនិញប្រហែល ៤,៨០០ គ្រឿងកំពុងរង់ចាំការបញ្ចេញផលិតផលនៅ ច្រក Tan Thanh ច្រក Huu Nghia និងច្រកព្រំដែន Chi Ma ក្នុងខេត្ត Lang Son ។
នៅ ច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០ គ្រឿង ដែលភាគច្រើនដឹកផ្លែខ្នុរ ស្វាយ ស្រកានាគ និងឪឡឹកពីខេត្តភាគខាងត្បូងវៀតណាម ។
ទន្ទឹមនោះលោក Huynh Tan Dung អាយុ ៥៧ ឆ្នាំ ជាអ្នកដឹកទំនិញបាននិយាយថា គាត់បានស្នាក់នៅ ច្រកព្រំដែនអស់រយៈពេល ២០ ថ្ងៃហើយ ។ លោក Dung ដែលមានបទពិសោធជិត ២ ទសវត្សរ៍បាននិយាយថា លោកមិនដែលឆ្លងកាត់ស្ថានភាពបែបនេះពីមុនមក ។
លោកបានពន្យល់ថា “យើងត្រូវចំណាយ ៤០០,០០០ ដុង (១៧ ដុល្លារ) ក្នុងមួយថ្ងៃលើថ្លៃចតរថយន្ត និង ៣០០,០០០ ដុង (១៣ ដុល្លារ) ក្នុងមួយថ្ងៃលើប្រេងឥន្ធនៈដែលចាំបាច់សម្រាប់ដំណើរការទូទឹកកកដើម្បីរក្សាផ្លែឈើឲ្យនៅ ស្រស់ ហើយយើងក៏ត្រូវបង់ថ្លៃអាហារ ថ្លៃងូតទឹក និងថ្លៃបង្គន់ដែរ” ។
លោក Dung បាននិយាយថា ប្រសិនបើស្ថានការណ៍បន្តអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ផ្លែឈើនឹងរលួយ និងមិនអាចលក់បានទេ ហើយនឹងបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងអ្នកបើកបរ និងអាជីវកម្ម ។
លោក Dinh Trung Kien អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងច្រកទ្វារព្រំដែន Tan Thanh បាននិយាយថា ប្រទេសចិនបានបញ្ឈប់សកម្មភាពនាំចូល-នាំចេញនៅ ច្រកព្រំដែនកាលពីថ្ងៃពុធ ដោយសារ “កំហុសបណ្តាញមួយចំនួន” ។ ប៉ុន្តែសកម្មភាពត្រូវបានបន្តនៅ ថ្ងៃសៅ រ៍ ក្រោយមកត្រូវបានផ្អាកម្តងទៀតនៅ ថ្ងៃដដែលនោះ ខណៈភាគីចិនមិនបានប្រកាសពីហេតុផលណាមួយនៅ ពេលនេះនោះទេ ហើយការនាំចូល និងនាំចេញក៏ត្រូវបានផ្អាកនៅ ច្រកព្រំដែន Chi Ma នៅ ថ្ងៃទី ៨ ខែធ្នូផងដែរ ។
ចំណែកអាជ្ញាធរនៅ ខេត្ត Lang Son បាននិងកំពុងចរចាជាមួយសមភាគីចិន ដើម្បីពន្លឿនដំណើរការបញ្ចេញផលិតផលរបស់ខ្លួន ហើយបច្ចុប្បន្នអាជីវកម្មក្នុងស្រុកត្រូវបានណែនាំប្រឆាំងនឹងការដឹកជញ្ជូនផលិតផលបន្ថែមទៀតទៅកាន់ច្រកព្រំដែនទាំងនេះក្នុងអំឡុងពេលនេះ ៕
ប្រភព:Tuoi