ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក។
ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញទិន្នន័យថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនឈានដល់ ១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរធ្លាប់បានប្តេជ្ញាថា នឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ ២០២៣។
ចំណែកមន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដែលរំពឹងថា នឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀតរវាងកម្ពុជា និងចិន។
គយចិនបានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងកំណត់ត្រឹមត្រូវនូវទីកន្លែងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើ ជំរុញការប្រាស្រ័យទៅវិញទៅមកនៃសេដ្ឋកិច្ចពាណិជ្ជកម្មចិននិងកម្ពុជា។
ទំនិញកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ , ចំណិតដំឡូងក្រៀម , ស្វាយស្រស់ , គ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃជាដើម។ លើសពីនេះទៀត ភាគីកម្ពុជា ចិន កំពុងសិក្សាអំពីលទ្ធភាពនាំចេញមៀនប៉ៃលិន និងត្រីប្រាពីកម្ពុជា ទៅប្រទេសចិនបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជាង ៨,១១៨លានដុល្លារ ពោលគឺធ្លាក់ចុះ ៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង ៨,៥៦៣លានដុល្លារ៕